ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូន គ្រួសារងាយរងគ្រោះ ត្រូវបានលោកស្រី ឈឹម ស្រីមុំ ភរិយាលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនី តិសម្បទា ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បាននាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋងាយ រងគ្រោះ ជួបការលំបាក ចំនួន ៧០ គ្រួសារ នៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវ៉េន បានអោយដឹងថាៈ ប្រជាពលរដ្ឋដែលមកទទួល អំណោយ នាពេលនេះ គឺជាប្រជាពលរដ្ឋ ដែលបានបន្លាស់ទី ពីភូមិចុងកោះមករស់នៅតំបន់ អភិវឌ្ឍន៍ថ្មី នៃភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាប្រជាពលរដ្ឋ ងាយរងគ្រោះនិងជួបការ លំបាក ខ្វះខាត ដែលបានរងផល ប៉ះពាល់ ដោយសារជំងឺកូវីត១៩ ។ អំណោយដែលត្រូវបាន ផ្តល់ជូន នាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី១ និងក្រមា១ ៕PC







