ដោយៈ ឆាយានាថ / ភ្នំពេញៈ សមត្ថកិច្ច បានឃាត់ខ្លួនភ្នាក់ងារ ពីរនាក់ នៃឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 របស់ថៅកែ ឈ្មោះ ប៊ុនធឿន ដោយមានការឯកភាព ពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។ ប៉ុន្តែ តាមប្រភពព័ត៌មាន បង្ហើបថា មេឆ្នោតវៀតណាម ឈ្មោះ ប៊ុនធឿន កំពុងរត់ការ អោយមានការដោះលែងវិញ។

នគរបាលខណ្ឌដង្កោ បានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ដុះស្លែមួយនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី នៅចំណុចមុខផ្ទះជួល គ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានបង្ហើបប្រាប់ នៅថ្ងៃទី៦ វិច្ឆិកា នេះថាៈ ភ្នាក់ងារ ពីរនាក់ នៃឆ្នោតវៀតណាម សញ្ញាសម្គាល់ C56 របស់ឈ្មោះ ប៊ុនធឿន នេះ គឺទី១.ឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និង២.ឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ ។

នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំង ពីរនាក់ បានសារភាពថា ពិតជា បានទទួលកត់ឆ្នោតវៀតណាម អោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល ៣៥ ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។
ប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងកត់ឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 នេះ គឺដំណើរការជាយូរមកហើយ ដោយមានថៅកែ ឈ្មោះ ប៊ុនធឿន ជាអ្នកកាងរហូតមក ។ ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច ក៏ដូចជាតុលាការ នឹងចាត់វិធានការ ចំពោះភ្នាក់ងារទាំង ពីរនាក់នេះ និងតាមចាប់ខ្លួនថៅកែ ឈ្មោះ ប៊ុនធឿន នេះផង៕ ល

