ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានទទួលជួបលោក សាដារ អ៊ូម៉ា អាឡាម ( Sardar Umar Alam ) តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ (យូណេស្កូ = UNESCO) ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ នៅរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ថ្មីៗនេះ នៅទីស្តីការក្រសួង ។
ក្នុងឱកាសនោះ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានបញ្ជាក់ថា ជំនួបនាថ្ងៃនេះ គឺអង្គការ UNESCO មានបំណងពង្រឹង កិច្ចសហប្រតិបត្តិការ និងពិនិត្យមើលតម្រូវការចាំបាច់ របស់កម្ពុជា សម្រាប់ទិសដៅ នាពេលខាងមុខ។ ជាមួយគ្នានេះ លោកតំណាងអង្គការ UNESCO ក៏បានជម្រាបជូន ពីដំណើរការអនុវត្តន៍កម្មវិធី GO-SPIN (Global Observatory of Science,Tecnology and Innovation Policy Instruments) ដែលអាចនិយាយបានថា ជាកម្មវិធីការអង្កេតសាកល នៃឧបករណ៍គោលនយោបាយ របស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាយន្តការ នៃកម្មវិធីមួយ សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល និងចងក្រងវិស័យវិទ្យាសាស្ត្រ នៅក្នុងប្រទេសនីមួយៗ ដែលការងារនេះ បានធ្វើជាច្រើន ប្រទេសមកហើយ ដូចជាជាមួយប្រទេសឡាវ និង អ៊ីស្រាអែល ជាដើម ។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងថាៈ បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្រ គឺជាគន្លឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម បែបឌីជីថល ហើយកំពុងស្ថិតក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ ទី៤.០ ។ ក្នុងនោះការចងក្រងស្នាដៃ ផ្នែកវិទ្យាសាស្ត្រ ក៏យើងត្រូវតែគិតគូរ ជាចាំបាច់ផងដែរ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសសម្បូរណ៍ ដោយសម្បត្តិវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភ័ណ្ឌដ៏រុងរឿង ហើយក៏មានស្នាដៃ ផ្នែកវិទ្យាសាស្ត្រ នៅក្នុងនោះរួចជាស្រេច ។ ជាក់ស្តែងដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំចងក្រងឯកសារ ប្រព័ន្ធឯកតាខ្មែរជាដើម។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នា ទៅលើការចែករំលែក បទពិសោធន៌ និងការផ្តល់ទិន្នន័យ របាយការណ៍ ទាក់ទងនឹងដំណើរការអនុវត្តន៍ កម្មវិធី GO-SPIN ដែលបានធ្វើរួចហើយ ជាមួយប្រទេសដទៃ ជាពិសេសជាមួយប្រទេសឡាវ ដើម្បីជាមូលដ្ឋាន សម្រាប់កម្ពុជា យកមកអនុវត្តន៍ និងសរសេរចេញ ជារបាយការណ៌ ។ ជាមួយគ្នានេះ ជាបន្តបន្ទាប់ គួរមានកិច្ចប្រជុំ ឬ សិក្ខាសាលាស្វែងយល់កម្មវិធី GO-SPIN នេះ ឲ្យកាន់តែស៊ីជម្រៅ ជាមួយ អ្នកវិទ្យាសាស្ត្រកម្ពុជា ដែលក្រសួងកំពុងគិតគូរប្រមូលផ្តុំ ឲ្យស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌមួយ សម្រាប់ជាធនធាន ខួរក្បាលរបស់ជាតិ ៕/V
