ដោយៈ ចាន់តូ / ភ្នំពេញៈ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងអំណរគុណនូវ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ដែលប្រឹងប្រែងបំពេញតួនាទីភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងរយៈកាលកន្លងមក ជាពិសេសការងារ បំពេញបេសកកម្ម ពុះពារសស្រាក់សស្រាំជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្នុងរដូវទឹកជំនន់ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួល ខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំ ដល់នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងរួមចំណែក សម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ជាតិ អន្តរជាតិ ផងដែរ ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក តែងតែបានក្រើនរំលឹក ជារឿយៗ ស្តីពីការបង្ការ និងទប់ស្កាត់រលកទីពីរ នៃជំងឺឆ្លងកូវីដ-១៩ ដល់កម្លាំងក្រោមឱវាទ ទាំងអស់ ឲ្យអនុវត្តយ៉ាង ខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សា អនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាពអនាម័យតាម គ្រួសារ អាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ដើម្បីឆ្លើយតបតាម សេចក្តីណែនាំ របស់ក្រសួង សុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេស សេចក្តីអំពាវនាវរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕PC







