ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាប់ និងវាយស្ត្រីម្នាក់បណ្ដាលឲ្យ រងរបួសធ្ងន់ធ្ងរ រហូតសន្លប់ស្ដូកស្ដឹង ប្លន់យកគ្រឿងអលង្ការ បន្ទាប់មក ជនសង្ស័យនោះ បានត្រូវប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ រកឃើញ ចាប់បាន រួចព្រួតវាយបណ្ដាលឲ្យរង របួស ស្ទើរស្លាប់ស្ទើររស់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រហូតដល់ម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃដដែល ទើបតាមរកជនសង្ស័យឃើញ និងចាប់ខ្លួន នៅត្រង់ចំណុចវាលស្រែ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ ឈ្មោះ ជិន ស្រីតូច អាយុប្រហែល ៣០ ឆ្នាំ មានទីលំនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសក្បាលធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ បានបាត់បង់ខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិលមាស សរុបជាង ១ តម្លឹង។ ដោយឡែក ជនសង្ស័យ មិនទាន់ស្គាល់ឈ្មោះទេ មានអាយុប្រហែល ៤០ ឆ្នាំ សម្បុរខ្មៅ សក់ខ្មៅ ស្លៀកខោខូវប៊យ ជើងខ្លី ពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ មានសរសេរអក្សរ អង់គ្លេសថា «Rakuten» ប្រដាប់ដោយពូថៅដៃ១ និងពិលពាក់ក្បាល១។
ប្រភពដដែល បានបន្តឲ្យដឹងថាៈ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានទៅមើលទឹកស្រែ ដោយនាង បានពាក់គ្រឿងអលង្ការ ទៅជាមួយ។ ពេលនោះ នាងបានជួបជនសង្ស័យ កំពុងស្ថិតនៅទីនោះដែរ។ ដោយឃើញស្ត្រីរងគ្រោះ មានតែម្នាក់ឯងហើយមានពាក់គ្រឿង អលង្ការផងនោះ ជនសង្ស័យ ក៏បានធ្វើសកម្មភាពកាប់ និងវាយប្លន់តែម្ដង បណ្ដាលឲ្យនាង រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី រួចហើយជននេះ បានគេចខ្លួនបាត់ស្រមោល។
ប្រភពខាងលើ បានបន្តទៀតថាៈ ហេតុការណ៍នាះ គ្មាននរណា បានដឹងទេ ព្រោះចំពេលស្ងាត់។ ប៉ុន្តែ ១ម៉ោងក្រោយមក ស្ត្រីរងគ្រោះ បានដឹងខ្លួនឡើងវិញ ហើយបានដើរទាំងត្រដរ និងស្រែក ឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងប្រជាការពារ សង្កាត់បឹងធំ ដែលស្ថិតនៅជិតនោះ ស្រែកប្រកាសតាម វិទ្យុទាក់ទង ហើយកម្លាំងប្រជាការពារ សង្កាត់កន្ទោក ក៏បានចេញជួយស្ទាក់ ដោយមានប្រជាពលរដ្ឋ ជាច្រើន ជួយតាមរកដែរ។ បន្ទាប់មក គេបានរុករកតាមស្នាមដែល ជនសង្ស័យ លូនកាត់ស្រូវ។ លុះដល់វេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃដដែលទើបប្រទះឃើញ ជនសង្ស័យ ក៏ចាប់ខ្លួនបាន ហើយត្រូវប្រជាពលរដ្ឋ ព្រួតវាយ រហូតសន្លប់បាត់ស្មារតីតែម្ដង។ បន្ទាប់មក ទើបនគរបាលទៅដល់ ឆែករកមើលមិនឃើញមាន គ្រឿងអលង្ការ នៅជាប់ខ្លួន ទើបយកទៅសង្គ្រោះសិន៕PC

