ដោយៈ អង្គរតូច / សៀមរាបៈ សិក្ខាកាម ២៥ នាក់ ជាមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអប់រំ កម្រិតបឋមសិក្សា មធ្យម សិក្សា និងឧត្តមសិក្សា នៃវគ្គ បណ្តុះបណ្តាល «ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ» កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចុះសិក្សាដោយផ្ទាល់ និងស្តាប់បទបង្ហាញពី លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិ អប្សរា អំពី «ប្រវត្តិសាស្ត្រក្រុងអង្គរធំ»។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ អាជ្ញាធរជាតិអប្សរា សហការជាមួយ លោកស្រី Barbara J.Anello-Armani ជាសាស្ត្រាចារ្យ បង្រៀន ភាសាអង់គ្លេស លើវិស័យការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ ចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងដល់ លោកគ្រូ អ្នកគ្រូ ដែលជាទិសដៅសំខាន់ ក្នុងការផ្សព្វផ្សាយបន្ត ដល់សិស្សានុសិស្សឱ្យបាន ស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ទាំងអស់គ្នា។
លោក អ៊ឹម សុខរិទ្ធី បានលើកឡើងថាៈ បទបង្ហាញពីប្រវត្តិសាស្ត្រ ក្រុងអង្គរធំ បានពន្យល់ពី ពាក្យអង្គរ។ ការកកើតរាជធានីនៅអង្គរ ប្រវត្តិមនុស្ស រស់នៅ និងស្លាកស្នាមបុរាណវិទ្យា នៃសំណង់អគារ ដែលបានបន្សល់ទុក ពីសម័យបុរាណ នៅក្រុងអង្គរធំ នេះផ្ទាល់ហើយចាត់ ទុកថា នេះជាសញ្ញាណល្អ សម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវបន្តវេនពីចាស់ៗ ក្នុងការស្វែងយល់ ពីប្រវត្តិសាស្ត្រខ្មែរ ដើម្បីរួមគ្នាការពារ មរតកវប្បធម៌ ឱ្យបានគង់វង្ស ។ ពិសេស វគ្គបណ្តុះបណ្តាលនេះ គឺចំគោលដៅបំផុត ព្រោះគ្រូបង្រៀន គឺជាអ្នកចែកចាយ ចំណេះដឹងដ៏មានប្រសិទ្ធភាព ទៅកាន់ក្មេងៗ ៕PC