ដោយ:បាយ័ន-មុនីរ័ត្ន/ឧត្តរមានជ័យៈ សមត្ថកិច្ចបានរាយការណ៍ថា លោកអនុសេនីយ៍ឯកមួយរូបដែលមានតួនាទីជានាយរងប៉ុស្កិ៍នគរបាលការពារព្រំដែនគោកចុងព្រិច ចំណុះអោយនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩០៥ ឈរជើងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកកាំភ្លើងអាកាស្វ័យបត់មួយដើម ធ្វើសកម្មភាពបាញ់សម្លាប់លោកវរសេនីយ៍ត្រីដែលជានាយប៉ុស្កិ៍ចុងព្រិចរបស់ខ្លួននិងបន្តបាញ់សម្លាប់លោកអនុសេនីយ៍ឯកនាយផ្នែកស៊ើបការណ៍ បន្ទាប់មកជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង។មានន័យថាក្នុងហេតុការណ៍នោះមានអ្នកស្លាប់នៅនឹងកន្លែងចំនួន៣នាក់ សុទ្ធតែជានគរបាលដូចគ្នា។


នគរបាលជាន់ខ្ពស់មួយរូបនៃទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ប្រចាំទិសស្រុកអន្លង់វែង បានអោយដឹងនៅយប់ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ហេតុការណ៍ខាងលើបានកើតឡើងនៅអំឡុងចន្លោះម៉ោង១៤និង៣០នាទីទៅម៉ោង១៥រសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នគរបាលជាន់ខ្ពស់រូបនោះ បាននិយាយថា ជនដៃដល់ខាងលើមានឈ្មោះ អ៊ុ ឈយ អាយុ៤២ឆ្នាំ មានឋានន្តរសក្កិអនុសេនីយ៍ឯកនិងមានមុខងារជានាយរងប៉ុស្កិ៍នគរបាលការពារព្រំដែនគោកចុងព្រិច ឈរជើងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


នគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនដៃដល់ អ៊ុ ឈយ បានស្ពាយកាតាបនិងយកកាំភ្លើងអាកាស្វ័យបត់មួយដើមដោយអាមេបញ្ចូលគ្រាប់ជាស្រេចក្នុងគោលបំណងអាក្រក់ណាមួយ ដោយចុះពីប៉ុស្កិ៍ចុងព្រិចធ្វើដំណើរដោយថ្មើរជើង ហើយខណៈនោះមានលោកវរសេនីយ៍ត្រី ហ៊ុន ប៊ី ភេទប្រុស អាយុ៤៩ឆ្នាំ មុខងារជានាយនាយប៉ុស្កិ៍នគរបាលការពារព្រំដែនគោកចុងព្រិច និងលោកអនុសេនីយ៍ឯក ស្រេង រាសី អាយុ៥១ឆ្នាំ មុខងារជានាយផ្នែកស៊ើបការណ៍ចំណុះអោយវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដើរតាមពីក្រោយសុំអង្វរយកកាំភ្លើងពីដៃជនដៃដល់ឈ្មោះ អ៊ុ ឈយ ។
នៅពេលមន្ត្រីនគរបាល២រូបសុំអង្វរយ៉ាងណាក៏ដោយ ជននោះមិនអោយកាំភ្លើងទេលុះមកដល់ចំណុចកើតហេតុខាងលើ ជនដៃដល់ឈ្មោះ អ៊ុ ឈយ បានធ្វើសកម្មភាពបាញ់ទៅលើលោកវរសេនីយ៍ត្រី ហ៊ុន ប៊ី ដែលជានាយប៉ុស្កិ៍ចុងព្រិចរបស់ខ្លួនចំនួន២គ្រាប់ ធ្លាយពោះ និងបន្តបាញ់មកលើលោកអនុសេនីយ៍ឯក ស្រេង រាសី ត្រូវ១គ្រាប់ចំក្រោមក្លៀក បណ្តាលអោយជនរងគ្រោះទាំង២ស្លាប់ព្រមគ្នានៅនឹងកន្លែង បន្ទាប់មកជនដៃដល់ អ៊ុ ឈយ បានបាញ់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កាធ្លាយក្បាលក៏ស្លាប់បន្តទៀត។


គេបានរាយការណ៍ទៀតថា ជនដៃដល់ឈ្មោះ អ៊ុ ឈយ កន្លងមកធ្លាប់មានជំងឺឆ្កួតហើយធ្លាប់មកព្យាបាលរយៈពេល៣ឆ្នាំនៅខេត្តសៀមរាប ហើយក៏បានវិលទៅធ្វើការនៅអង្គភាពវិញ។ មុនពេលកើតហេតុ ជនដៃដល់ត្រូវបានគេរាយការណ៍ថា គាត់ត្រូវបានជំងឺធ្វើទុក្ខក្បាលយ៉ាងខ្លាំងហើយអាចបែកថ្នាំផងដែរ ដែលជាដើមចមក្នុងករណីបាញ់សម្លាប់មន្ត្រីនគរបាល២នាក់ រួចបាញ់ខ្លួនឯងបែបនេះ។ ចំពោះព័ត៌មានអ្វីដែលលើសពីនោះ សមត្ថកិច្ចមិនបានរាយការណ៍បញ្ជាក់បែបណានោះទេ ។ដោយឡែកសាកសពទាំង៣នាក់ក៏យកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចហើយ៕