ដោយៈ ប.ខុន / ភ្នំពេញៈ វិធានការបន្ទាន់របស់ ក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីជំនន់ទឹកភ្លៀង បានថមថយទៅវិញ មាន ៣ ចំណុច សំខាន់ គឺខ្ចប់ទឹកទុកជាបន្ទាន់ ទាំងទឹកទន្លេ ទាំងទឹកក្នុងអាង, ដោយក្រសួង បានម្ចាស់ការ ជាមួយមន្ទីរទទួលទាំងអស់។ បន្តជួសជុលបន្ទាន់ភ្លឺ ប្រឡាយ សម្រាប់បញ្ជូនទឹក និងជាផ្លូវគមនាគមន៍ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឱ្យរស្មីកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ បែបនេះ បន្ទាប់ពីអ្នកសារព័ត៌មាន រស្មីកម្ពុជា បានលើកឡើង នូវសំណួរថា តើប្រព័ន្ធធារាសាស្ត្រ ដែលរងផល ប៉ះពាល់ ពីគ្រោះទឹកជំនន់ នៅរដូវកន្លងទៅ មកដល់ពេលនេះ ក្រសួង បានជួសជុល (បឋម) ឡើងវិញរួចអស់ឬនៅ ដើម្បីរក្សាទឹកទុក ឱ្យបានទាន់ពេលវេលា នោះ?។
លោក លឹម គាមហោ បានមានប្រសាសន៍ យ៉ាងដូច្នេះថា វិធានការចំពោះមុខរបស់ ក្រសួងមាន ៣ គឺខ្ចប់ទឹកទុកជាបន្ទាន់ ទាំងទឹកទន្លេ (បិទមាត់ព្រែក មិនឱ្យទឹកហូរចូលទន្លេវិញ) ទាំងទឹកក្នុងអាង, ដោយក្រសួង ម្ចាស់ការជាមួយមន្ទីរទទួលទាំងអស់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បន្តជួសជុលបន្ទាន់ នូវភ្លឺប្រឡាយ សម្រាប់នាំទឹក ព្រោះវាជាផ្លូវគមនាគមនន៍ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។ ទន្ទឹមនោះ ការងារវាយតម្លៃ ជាមួយអន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ ដើរទន្ទឹមគ្នា ធ្វើឲ្យដូចដើម និងប្រសើរជាងមុន ជៀសវាងនូវការខូតខាតច្រំដែលៗ។ ជារួម ការខ្ចប់ទឹកទុក អាចនិយាយបាន ស្ទើរតែបានល្អទាំង ស្រុងហើយ៕



