ដោយៈដេប៉ូ/ភ្នំពេញៈបន្ទាប់ពីរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ដែលពាក់ព័ន្ធទៅនឹងករណីគណ:ប្រតិភូប្រទេសហុងគ្រីមកនោះ នាពេលនេះក្រសួងអប់រំបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន២ផ្សេងទៀតក៏បានពាក់ព័ន្ធក្នុងករណីនេះដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់រស្មីកម្ពុជានាព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០នេះថា “គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី”។

លោកបានបន្តឱ្យដឹងថា” គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល”។
ដោយឡែកពាក់ព័ន្ធទៅនឹងស្ថានភាពនៃគ្រឹះស្ថានសិក្សាវិញត្រូវបានមន្ត្រីនាំពាក្យក្រសួងអប់រំរូបនេះឱ្យដឹងផងថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖គ្រឹះស្ថានសិក្សា៦គឺមានករណីសិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សា៥គឺមាន សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

លោករស់សុវាចាបានថ្លែងដែរថាដោយឡែកគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០វិញគឺគ្រឹះស្ថានសិក្សា៤គឺមានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សា៣គឺមាន សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានសិក្សា២គឺមានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។គ្រឹះស្ថានសិក្សា១គឺមាន បុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
លោកបានឱ្យដឹងបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា។ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕