ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានលើកឡើងថា ក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជា ប្រមាណជា ១៥ ០០០ នាក់ បានស្លាប់ និងខាតបង់ថវិកា ៦៥៦ លានដុល្លារអាម៉េរិក ដោយសារការប្រើប្រាស់ថ្នាំជក់។
ក្រុមអ្នកជំនាញសុខភាព ក៏បានរកឃើញថា ការគ្រប់គ្រងផលិតផលថ្នាំជក់ បានច្បាស់លាស់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការខាតបង់ ដោយសារថ្នាំជក់។ ប៉ុន្តែ បារីប្រមាណជា ២៨ ភាគរយ ដែលដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា សព្វថ្ងៃ គឺជាបារី គេចពន្ធ ដែលធ្វើឱ្យរដ្ឋាភិបាលខាតពន្ធប្រមាណជា ៧ ភាគរយ។
មន្ត្រីជំនាញសុខភាពរបស់អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានពន្យល់ថា បារី គេចពន្ធ គឺជាបារីខុសច្បាប់ ហើយបារីខុសច្បាប់គឺជាឧបសគ្គដ៏ធំមួយនៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជាព្រោះវាមិនត្រឹមតែធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋ ប្រឈមនឹងជំងឺ ដែលបង្កឡើងដោយថ្នាំជក់កាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែវិច្ឆិកា អង្គការចលនាដើម្បីសុខភាពកម្ពុជា CMH បានលើកបង្ហាញថា ក្រៅពីបារី មិនបានបង់ពន្ធ ដែលតាំងលក់ព្រោងព្រាតលើទីផ្សារ នៅកម្ពុជា ក៏ជាប្រទេស ដែលយកពន្ធថ្នាំជក់ទាបបំផុត ក្នុងចំណោមប្រទេសអាស៊ាន។ ចំណុចនេះ អាចជំរុញឲ្យមានមហន្តរាយសុខភាព និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
ជាការពិត ក្នុងសង្គមកម្ពុជា ដឹងហើយ លឺហើយ ថា ការជក់បារី នាំឲ្យខូចសុខភាព កើតជំងឺមហារីក រហូតដល់ស្លាប់ថែមទៀត។ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួន ក្នុងនោះ ក៏មានយុវជនខ្លះដែរ នៅតែជក់បារី។ ជក់បារី ក្រៅតែពីកើតរោគ ក៏នៅអស់លុយ ដែលគេប្រៀបដូច យកលុយដុតចោល។ ពេលវេលានៃការឈរ អង្គុយជក់បារី ក៏ត្រូវខាតបង់ថែមទៀតផង។
យ៉ាងណាក៏ដោយ ក្នុងមួយរយៈចុងក្រោយនេះ ចំនួនអ្នកជក់បារី ក៏បានថយចុះនៅក្នុងសង្គមកម្ពុជា ស្របពេលដែលមានច្បាប់ត្រួតពិនិត្យថ្នាំជក់ ដែលបានកំណត់តំបន់គ្មានផ្សែងបារី នៅតាមទីសាធារណៈ ក៏ដូចជា នៅកន្លែងឯកជន តាមភោជនីយដ្ឋាន និងសណ្ឋាគារ ជាដើម។
ក្រៅពីនេះ តាមហាងបាយ និងហាងកាហ្វេជាច្រើន ពិសេសនៅភ្នំពេញ ក៏បានបិទស្លាក ហាមជក់បារី ផងដែរ។ ការជក់បារី នៅទីកន្លែងហាមឃាត់ទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កាលពីឆ្នាំ២០១៦ ដោយកំណត់ផាកពិន័យ ចន្លោះពី ២០.០០០ រៀល ដល់ ៥០.០០០ រៀល។ ក៏ប៉ុន្តែការអនុវត្តវិធានការផាកពិន័យនេះ ហាក់ដូចជា ពុំសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ។
ច្បាស់ណាស់ថា ការជក់បារី ធ្វើឲ្យអ្នកជក់ឡើងស្លេះ ស្ងួតបំពង់ក និងឆាប់ហត់ ជាដើម ព្រោះផ្សែងបារី ធ្វើឲ្យខូចសួត។ នេះគ្រាន់តែជាជំងឺស្រាលៗ ដែលអ្នកជក់បារីគ្រប់រូប បានជួបប្រទះ។ ម្យ៉ាងទៀត រោគសញ្ញាជំងឺ បណ្តាលមកពីផ្សែងបារី ក៏ត្រូវបានគេសរសេរ និងដាក់ទាំងរូបថតច្បាស់ៗថែមទៀត នៅលើកញ្ចប់បារី។ ប៉ុន្តែអ្នកជក់បារី ហាក់ដូចជា មិនខ្លាចញញើតទាល់តែសោះ។
ដូច្នេះ មានតែបុគ្គលអ្នកជក់បារីផ្ទាល់តែប៉ុណ្ណោះ ដែលគួរតែភ្ញាក់ខ្លួនថា «ការជក់បារី ក្រៅពីអស់លុយ ខាតពេលហើយ សំខាន់ជាងគេ គឺបារីបំផ្លាញសុខភាព មិនត្រឹមតែខ្លួនឯងអ្នកជក់ទេ តែអ្នកនៅជុំវិញខ្លួន ក៏រងផលប៉ះពាល់ពីផ្សែងបារីនេះដែរ»។ សូមកុំចាំដល់ធ្លាក់ខ្លួនឈឺ ដោយសារតែជក់បារី ទើបដឹងខ្លួន! យើងគួរតែការពារ ប្រសើរជាងព្យាបាល៕សរន