ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែ វិច្ឆិកា នេះបានបង្ហោះសារចូលរួមអបអរសាទរខួបទី១៧ នៃការដាក់បញ្ចូល “របាំព្រះរាជទ្រព្យ” ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារនៅលើផេកហ្វេសបុកផ្លូវការថា៖«អបអរសាទរខួបទី១៧ នៃ“របាំព្រះរាជទ្រព្យ”ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្ប ធម៌អរូបីនៃមនុស្សជាតិ ។ថ្ងៃទី០៧ខែវិច្ឆិកានេះគឺជាខួបទី១៧ឆ្នាំហើយដែលកម្ពុជាបានចុះបញ្ជី“របាំព្រះរាជទ្រព្យ”គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃ បានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ដែលបានថែរក្សានាដកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ»។

គួរជំរាបជូនថា“របាំព្រះរាជទ្រព្យ”ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំក្បាច់ខ្មែរបុរាណឬរបាំព្រះ រាជទ្រព្យនេះមានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿងដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ៕
