ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នក នាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងប្រាប់ រស្មីកម្ពុជាថាៈ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១៩០ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើង ចំនួន ១.៥៦៦ លើក ស្លាប់មនុស្សចំនួន ៧៨៣ នាក់ របួសចំនួន ២.៣៩៩ នាក់ ក្នុងនោះ របួសធ្ងន់ ១.៤៤៤ នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កើតឡើង ចំនួន ១០លើក ស្លាប់១២នាក់ របួស ១៥នាក់ ក្នុងនោះរបួសធ្ងន់ ៦នាក់ និងស្រាល ៩នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថាៈ សម្រាប់លទ្ធផលនៃ ការរឹតបន្តឹងការ អនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ៣៩ រយៈពេល ១៩០ថ្ងៃ គិតចាប់ពី ថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្ត ដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២០៧.៨៤១ គ្រឿង ក្នុងនោះ ម៉ូតូមានចំនួន ១៥៣.៧៤៨ គ្រឿង និងរថយន្តមានចំនួន ៥៤.០៩៣ គ្រឿង។
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថាៈ បទល្មើសភាគច្រើន សម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទ ពេលបើកបរ៕PC







