ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ បានប្រារព្ធពិធី បរិស្ថានស្អាត។ ពិធីជួបជុំ និងដើររើសសំរាមនេះ ដឹកនាំដោយ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក រួមទាំងមន្ត្រីពាក់ព័ន្ធចម្រុះជាច្រើនរូប និងប្អូនៗយុវជន។
លោកអភិបាលខណ្ឌ ឯក ឃុនឌឿន បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ដែលទុកដាក់សំរាម បានត្រឹមត្រូវ ដើម្បីកាត់បន្ថយការកកស្ទះ ក្នុងការបង្ហូរទឹកភ្លៀង ចូលក្នុងប្រព័ន្ធលូ។
លោកអភិបាលខណ្ឌ ក៏បានបន្តអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជួយវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ព្រមទាំងរួមគ្នាការពារ និងទប់ស្កាត់ការចម្លង វីរុស កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។
ជាការពិត បញ្ហាសំរាម នៅតែជាបញ្ហាប្រឈម ដែលមិនទាន់ដោះស្រាយបានទាំងស្រុងនៅឡើយទេ នៅរាជធានីភ្នំពេញ ក៏ដូចជា នៅតាមទីប្រជុំជន និងនៅទីជនបទ ទូទាំងប្រទេស។
ការទុកដាក់សំរាម និងវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវ គឺត្រូវបានប្រជាពលរដ្ឋភាគច្រើន ពិសេសអ្នករស់នៅភ្នំពេញ បានធ្វើរួចមកហើយ។ ក៏ប៉ុន្តែកន្លងមក បន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បានចូលធ្វើការវិញ កាលពីចុងខែតុលា បន្តដល់ពេលនេះ នៅតំបន់មួយចំនួន បញ្ហាសំរាម នៅតែមិនទាន់ដោះស្រាយបាន។ នោះគឺការយឺតយ៉ាវរបស់កម្មករស៊ីនទ្រី មិនទៅប្រមូល ដឹកជញ្ជូនសំរាម ដែលប្រជាពលរដ្ឋ ដាក់គរនៅមុខផ្ទះនៅតាមផ្លូវក្នុងភូមិ រហូតដល់ ១អាទិត្យ បង្កឲ្យរាយប៉ាយផង និងជះក្លិនមិនល្អផង។
មួយចំណុចទៀត ធុងសំរាម នៅតាមទីសាធារណៈមួយចំនួន នៅមិនទាន់ត្រូវបានដាក់ពង្រាយឲ្យបានច្រើននៅឡើយទេ។ ចំណែកកន្លែងដែលមានធុងសំរាមហើយ តែការប្រមូលដឹកជញ្ជូនសំរាមយឺត នាំឲ្យអ្នកបោះចោលសំរាម ក្រៅធុង ព្រោះតែក្នុងធុងជ័រ ពោរពេញដោយសំរាម ហើយខែនេះ ធ្លាក់ខ្យល់ទៀត ក៏បក់ប៉ើងថង់ប្លាស្ទីក ប្រអប់ជ័រ ពាសវាលពាសកាល ក៏មាន។
សំរាមពេញធុងនេះ ច្រើនកើតឡើងនៅតាមសួនច្បារមុខវត្តបទុម និងនៅតាមមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងដើរកម្សាន្ត និងប្រជាពលរដ្ឋហាត់ប្រាណ។
ក្នុងសង្គមយើង ក៏នៅតែកើតមានអ្នកយកសំរាម ទៅបោះចោលនៅតាមរបងសាលារៀន ដីទំនេរ របងផ្ទះអ្នកដទៃ ជាដើម។ ក្រុមអ្នកចង់តែស្អាតផ្ទះខ្លួនឯងនេះ គួរតែគិតបន្តិចថា ខ្លួនចង់ស្អាត ធ្វើម៉េចឲ្យតែសំរាម លែងមាននៅផ្ទះរបស់ខ្លួន ចុះចិត្តអ្នកដទៃ ចិត្តម្ចាស់ផ្ទះ ម្ចាស់ដី គេយល់យ៉ាងណា? បើខ្លួនយកសំរាមទៅបោះចោល ក្លាយជាគំនរសំរាមអាសោច ពិសេសតាមរបងវត្ត និងរបងសាលារៀនដូច្នេះ?
ក្រុមអ្នកនិយមយកសំរាមទៅបោះចោលឲ្យផុតៗពីផ្ទះ គួរគិតថា ទោះបីជាអ្នកខំដឹកជញ្ជូនសំរាម កាកសំណល់ទៅបោះចោលយ៉ាងណាក៏ដោយ តែលុយថ្លៃសំរាមប្រចាំខែ អ្នកនៅតែត្រូវបង់ដដែលទេ។ ដូច្នេះគួរតែរកកន្លែងសមគួរណាមួយ នៅក្នុងរបងផ្ទះ ឬក៏ក្រៅរបងផ្ទះ ដើម្បីទុកដាក់សំរាម ដែលបានវេចខ្ចប់ត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមទាំងនោះ ប្រសើរជាជាង ខំដឹក ខំអូស ទាំងយប់ យកសំរាម ទៅផ្លុងចោលនៅរបងផ្ទះ នៅដីទំនេរ ឬក៏នៅតាមរបងសាលារៀន របងវត្តនោះ។
ដូច្នេះ បន្ថែមលើសកម្មភាពជួបជុំ ដើររើសសំរាម ដែលជាសកម្មភាពអប់រំ បំផុសស្មារតីយុវជន និងប្រជាពលរដ្ឋហើយនោះ ដើម្បីដោះស្រាយបញ្ហាសំរាម ពិសេសនៅភ្នំពេញ អាជ្ញាធរសមត្ថកិច្ច គួរតែកំណត់វេនក្រុមអ្នកប្រមូលសំរាមតាមផ្លូវក្នុងភូមិនានា បើមិនបានរាល់ថ្ងៃទេ យ៉ាងហោចណាស់ សូមតែ ១អាទិត្យ ២ដង ព្រមទាំងរៀបចំធុងសំរាម និងកន្លែងស្តុកសំរាមត្រឹមត្រូវ នោះបញ្ហាសំរាម អាចមានសណ្តាប់ធ្នាប់ ល្អប្រសើរ។
រីឯអ្នកចូលចិត្តយកសំរាមបោះចោលឲ្យផុតៗពីផ្ទះខ្លួនឯង ក៏មានអាជ្ញាធរសមត្ថកិច្ច មានច្បាប់ហើយ គួរតែចាប់ផ្តើមអនុវត្តផាកពិន័យលើអ្នកទាំងនោះឡើងវិញ ហើយចាប់ថតបង្ហោះហ្វេសប៊ុក នោះក៏នឹងធ្វើឲ្យអ្នកនិយមបោះចោលសំរាមផ្តេសផ្តាស់ រាងចាលដែរ៕ ល/srn