ដោយ: រិទ្ធិសែន / ខេត្តពោធិ៍សាត់: មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងអ្នកជិះម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា ដោយមិនគោរពច្បាប់ចរាចរណ៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៦ និង២២នាទីព្រលប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦និង៧ ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់មានពាក់មួកសុវត្ថិភាពឈ្មោះ ហ៊ឹម សោភា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D -8643 ក្នុងទិសដៅពីជើងទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុ បានរេទៅខាងឆ្វេងដៃដោយមិនបានប្រកាន់ស្ដាំរបស់ខ្លួន ហើយបានជ្រុលទៅបុកជាមួយអ្នកជិះម៉ូតូផ្សេងទៀតដោយបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតបានរបួសធ្ងន់។
ប្រភពដដែលបានឱ្យដឹងទៀតថា បុរសដែលស្លាប់នៅនឹងកន្លែងមិនមានពាក់មួកសុវត្ថិភាពឈ្មោះ ហួន ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-9229 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង។
ប្រភពដដែលបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ជួយចាត់ចែងបញ្ជូនជនរងរបួសទៅសង្គ្រោះ ចំណែកជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី៕ ល