ដោយ: សរិទ្ធ / កណ្តាល: បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ និងយុវជនជនជាតិវៀតណាមម្នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បានត្រូវនគរបាលខេត្តកណ្តាល បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី៧ខែវិច្ឆិកា ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកសមត្ថកិច្ចកំពុងតាមចាប់ស្ត្រីជនជាតិវៀតណាមម្នាក់ទៀតដែលគេចខ្លួន។
បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ HENDRI ALIHUSIN អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខD5 ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលនិងយុវជនជនជាតិវៀតណាមឈ្មោះ ជ្រិន វ៉ាងសាង ហៅ ណយ អាយុ ២០ឆ្នាំមានទីលំនៅបច្ចុប្បន្នក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ចំណែកស្ត្រីជនជាតិវៀតណាមម្នាក់ទៀតដែលបានគេចខ្លួនឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៦១៨ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៥ ខែវិច្ឆិកាវេលាម៉ោង ១២ថ្ងៃត្រង់ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀននៅគោលដៅទី១ស្ថិតនៅចំណុចបន្ទប់ជួលលេខD៥ របស់ជនសង្ស័យឈ្មោះ HUNDRI ALIHUSIN និងគោលដៅទី២នៅចំណុចបន្ទប់ជួលលេខ៦១៨ របស់ជនសង្ស័យឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង។
ក្រោយប្រតិបត្តិការសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួន៕ ល