ដោយៈសរិទ្ធ/ភ្នំពេញៈជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរ សារធាតុញៀនទម្ងន់ជាង៣គីឡូក្រាមពីប្រទេសឡាវមក កម្ពុជា នៅរសៀលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០ នេះត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតរកមេខ្លោងជាបន្តទៀត។
ជនសង្ស័យឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំបានត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួននៅ យប់ថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវបេតុង ក្បែររង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាង មានសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៣១១០ក្រាមនិងអ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ១.០៧ក្រាមសរុប៣១១១.០៧ក្រាម។
សមត្ថកិច្ចបានបន្តឆែកឆេរ និងបិទបង្ខាំងអយដ្ឋានបណ្តោះអាសន្ន៤គោលដៅមាន៖គោលដៅទី១: ផ្ទះលេខA2 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គោលដៅទី២: ផ្ទះលេខ32E ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។គោលដៅទី៣: ផ្ទះលេខ02K ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងគោលដៅទី៤ : ផ្ទះលេខ 40V សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕