ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អនុវត្តន៍តាមប្រសាសន៍ដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរិ៍ ទី៧ ខែវិច្ឆិកា នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ យុវជន ស.ស.យ.ក. ខណ្ឌ សង្កាត់ និងកងទ័ពពិសេស ៩១១ សរុបចំនួនជាង ២៥០ នាក់ ដោយបានបែងចែកជា១១ក្រុម ចូលរួមយុទ្ធនាការ ភ្នំពេញស្អាត ក្រោមទិសស្លោក «ស្អាត ជាទម្លាប់» ដោយចាប់ផ្តើមធ្វើសកម្មភាព រើសសំរាម វេចខ្ចប់ ព្រមទាំងផ្សព្វផ្សាយពីការវេចខ្ចប់ ទុកដាក់សំរាម ដល់ប្រជាពលរដ្ឋ នៅតាមអមសងខាងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល និងសង្កាត់កន្ទោក ចាប់ពីព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ចាប់ពីចំណុចខាងកើតផ្លូវរថភ្លើង ដល់ច្រកខ្លោងទ្វារខាងកើតបុរី សែនមនោរម្យ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌកំបូល បានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ ត្រូវបន្តចូលរួមចំណែក ក្នុងការសម្អាតបរិស្ថាន តាមលំនៅដ្ឋានរបស់ខ្លួន និងតាមដងផ្លូវ កុំចោលសំរាមផ្តេសផ្តាស ពាសវាលពាលកាល ដោយត្រូវបង្កើតទម្លាប់ ធ្វើការវេចខ្ចប់ ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ គត់មត់ល្អ ដែលនឹងក្លាយទៅជាទម្លាប់ល្អ ស្របតាមទិសស្លោក «ស្អាត ជាទម្លាប់» ដើម្បីជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ឲ្យកាន់តែប្រសើរឡើង សក្តិសមជាខណ្ឌ នៃរាជធានីភ្នំពេញ បេះដូង នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថាៈ យុទ្ធនាការសម្អាតបរិស្ថាននេះ គឺជាលើកទី៤ និងគឺជាទម្លាប់ នៃការសម្អាត របស់រដ្ឋបាលខណ្ឌកំបូល ចាប់តាំងពីការបង្កើត ដែលមានរយៈពេល ជាងមួយឆ្នាំ កន្លងមកនេះ៕