ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងពីការព្រួយបារម្ភអំពីជំងឺថ្មីគួរឱ្យព្រួយបារម្ភមួយទៀត ដែល “លោត” ពីសត្វប្រចៀវមកមនុស្សម្តងហើយម្តងទៀតដោយធ្វើឱ្យមានការភ័យខ្លាចអំពីជំងឺរាតត្បាតមួយទៀត។
អ្នកស្រាវជ្រាវម្នាក់បានព្រមានថា វីរុសនីប៉ា (Nipah) ដែលជាវីរុសធម្មតារកឃើញក្នុងសត្វប្រចៀវនៅក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា អាចនឹងវិវត្តទៅជាជំងឺគ្រោះថ្នាក់ដែលអាចឆ្លងរាលដាលដល់មនុស្សយ៉ាងឆាប់រហ័ស។ វីរុសនេះត្រូវបានចុះបញ្ជីដោយអង្គការសុខភាពពិភពលោកជាភ្នាក់ងារបង្ករោគមួយក្នុងចំណោមភ្នាក់ងារបង្ករោគអាទិភាពខ្ពស់បំផុតទាំង ១០ដែលត្រូវដោះស្រាយជាបន្ទាន់ដោយសារការខូចខាតដែលវាអាចបង្កឡើង។
លោកវេជ្ជបណ្ឌិត ចូណាថាន អេបស្តាញ មកពីអង្គការEcoHealth Allianceបានចេញសេចក្តីជូនដំណឹងនេះនៅក្នុងឯកសារថ្មីគួរឱ្យព្រួយបារម្ភមួយដែលចេញផ្សាយនៅពេលដែលពិភពលោកកំពុងព្យាយាមទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩។
គាត់បាននិយាយនៅក្នុងឯកសារស្រាវជ្រាវរបស់កិច្ចដំណើរការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ ថា “វាកំពុងលោតពីក្រុមសត្វប្រចៀវទៅមនុស្សម្តងហើយម្តងទៀតហើយវាបង្កឱ្យមានព្រឹត្តិការណ៍គ្រោះថ្នាក់ខ្ពស់។ ខុសពីវីរុស Sars-CoV-2 វាមិនងាយឆ្លងពីមនុស្សទៅមនុស្សទេ”។
“ប៉ុន្តែយើងបារម្ភថាវាអាចមានជំងឺហ្សែនឬវ៉ារ្យ៉ង់នៃវីរុសនីប៉ា ដែលមាននៅក្នុងសត្វប្រចៀវដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងមានប្រសិទ្ធភាព។ ហើយប្រសិនបើរឿងនោះកើតឡើង លទ្ធផលអាចជាជំងឺរាតត្បាតដ៏សាហាវបំផុត”។
វីរុសនីប៉ាអាចឆ្លងទៅមនុស្សបាន បន្ទាប់ពីបរិភោគផ្លែឈើកខ្វក់បង្កដោយសត្វប្រចៀវ។
ទោះយ៉ាងណាក្រុមអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភដែលរកឃើញថាវីរុសនេះក៏កំពុងរីករាលដាលផងដែរ នៅពេលផ្លែឈើបរិភោគនោះមិនកខ្វក់សោះ។
វាអាចបណ្តាលឱ្យមានជំងឺរលាកស្រោមខួរក្បាល ដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលនិងអាចឈានដល់ការស្លាប់តែម្តង។
លោកវេជ្ជបណ្ឌិតអេបស្តាញនិយាយថា “អ្នកអាចមានការផ្ទុះឡើងនៃជំងឺរាតត្បាតនីប៉ានៅផ្នែកណាមួយនៃអាស៊ីអាគ្នេយ៍។ យើងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ហើយពិតជាមានហានិភ័យ ដែលយើងនឹងខកខានមិនបានទប់ជាប់ជំងឺរាតត្បាតមួយទៀត”៕ sn
វីរុសនីប៉ាហក់ពីប្រចៀវមកមនុស្សម្តងហើយម្តងទៀត