ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក កើត សាំង ចៅក្រមជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស យុវជន ពីរនាក់ ជាភ្នាក់ងារ នៃឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេល ១ឆ្នាំ តែទោសនេះ ត្រូវព្យួរ ពោលបានន័យថា យុវជន ពីរនាក់នេះ ត្រូវដោះលែងឲ្យមានសេរីភាពវិញ នៅរសៀល ថ្ងៃនេះតែម្តង។ លោក កើត សាំងក៍បាន សម្រេច ឲ្យយុវជន ពីរនាក់នេះ រួមគ្នា ពិន័យជាប្រាក់ ចំនួន ៥ លានរៀល ដាក់ចូលថវិកា រដ្ឋផងដែរ។
យុវជន ពីរនាក់នេះ បានត្រូវ ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ភ្នាក់ងារល្បែងស៊ីសង រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត តាមនីតិវិធី។ យុវជន ពីរនាក់នេះ ឈ្មោះ ធុយ ស៊ីត្រៃ អាយុ២១ឆ្នាំ និងឈ្មោះ សេង សុខភី អាយុ២៥ឆ្នាំ បានត្រូវសមត្ថកិច្ច នគរបាលខណ្ឌដង្កោ បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។ យុវជន ទាំងពីរនាក់នេះ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅថ្ងៃទី៥ វិច្ឆិកា ដោយមានការឯកភាព ពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។ នគរបាលខណ្ឌដង្កោ បានបង្ក្រាបទីតាំង កត់ឆ្នោតវៀតណាម ដុះស្លែមួយនេះ កាលពីថ្ងៃទី៥ វិច្ឆិកា វេលាម៉ោង ១១និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះជួល គ្មានលេខ ផ្លូវបេតុង សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនទាំង ពីរនាក់ បានសារភាពថា ពិតជាបានទទួលកត់ឆ្នោត វៀតណាម អោយថៅកែឈ្មោះ ប៊ុនធឿន អាយុប្រហែល ៣៥ ឆ្នាំ ដែលមានសញ្ញាសម្គាល់ C56 ពិតប្រាកដមែន ។
ប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងកត់ឆ្នោតវៀតណាម ដែលមានសញ្ញាសម្គាល់ C56 នេះ គឺដំណើរការជាយូរមកហើយ ដោយមានថៅកែឈ្មោះ ប៊ុនធឿន ជាអ្នកកាងរហូតមក ៕PC