ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៩១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើងចំនួន១៥៧៣លើក ស្លាប់មនុស្សចំនួន ៧៨៧នាក់ របួសចំនួន ២៤១២នាក់ ក្នុងនោះរបួសធ្ងន់ ១៤៥៣នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ កើតឡើងចំនួន ៧លើក ស្លាប់ ៤នាក់ របួស ១៣នាក់ ក្នុងនោះរបួសធ្ងន់ ៩នាក់ និងស្រាល ៤នាក់។ នេះបើតាមការបបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៩១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២០៨៧៥៩គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៥៤៣៥១គ្រឿង និងរថយន្តមានចំនួន ៥៤៤០៨គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕