ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ ដោយបានទទួលការណែនាំ និងការប្រគល់ភារកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការប្រសិទ្ធពរជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ហើយក៏សូមចូលរួមសម្តែង នូវការសោកស្តាយ និងមរណទុក្ខ ចំពោះការខាតបង់ ទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិតរបស់ ប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍ សាត់ ដោយសង្ឃឹមថា គ្រោះធម្មជាតិ ដ៏លំបាក លើកនេះ នឹងកន្លងផុតទៅ ទុកឱកាសឱ្យប្រជាពលរដ្ឋ បានស្តារកសាងជីវភាព ឱ្យមានភាពល្អប្រសើរឡើងវិញ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ជានិច្ចជាកាល សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ជាប់ជានិច្ច និងចង់ជួបប្រជាពលរដ្ឋផ្ទាល់ ហើយប្រជាពលរដ្ឋ ក៏ចង់ជួបសម្តេចផ្ទាល់ដូចគ្នា។ ប៉ុន្តែលើកនេះ ទោះបីសម្តេច មិនអាចមកចូលរួមបាន ដោយសារការអនុវត្តវិធានការចត្តាឡីស័ក ស្របតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុន្តែសម្តេច បានចាត់ទុកការយកស្បៀង និងស្រូវពូជ ចែកជូនប្រជាពលរដ្ឋ គឺជាការងារចាំបាច់ ដោយមិនអាចពន្យារពេលបាន ពីព្រោះផលប្រយោជន៍ និងជីវភាពប្រជាពលរដ្ឋ គឺសំខាន់ និងជាអាទិភាព ចាំបាច់ណាស់។ ចំពោះកម្មវិធីនេះ សូមអរគុណ ក្រុមការងារទាំងអស់ ក៏ដូចជា អាជ្ញាធរខេត្ត ដែលខិតខំរៀបចំ សម្របសម្រួលប្រជាពលរដ្ឋ ដែលមានរហូតដល់ជាង ១៧.០០០ គ្រួសារសរុបទាំងពីរ គោលដៅ។
លោកបានលើកឡើងថាៈ តាំងពីដំណាក់កាលដំបូង នៃគ្រោះទឹកជំនន់ នៅក្នុងឆ្នាំនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញបទបញ្ជា ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណា ចេញប្រតិបត្តិការ ជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។ ដូច្នេះកងកម្លាំងសរុបគ្រប់ផ្នែក បានចេញ ប្រតិបត្តិការ នៅគ្រប់ទីកន្លែងរងគ្រោះ បានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេច ក៏បានអំពាវនាវ ឱ្យមានការកៀរគរប្រភពធនធាន ទាំងយន្តការរដ្ឋ និងយន្តការសប្បុរសជន ដើម្បីជាមធ្យោបាយប្រើប្រាស់ ក្នុងប្រតិបត្តិការសង្គ្រោះ ជាពិសេសការផ្គត់ផ្គត់ស្បៀង និងសម្ភារដល់ប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងមានតម្រូវការបន្ទាប់ ក៏ដូចជា ដើម្បីជួយដល់ការងារស្តារឡើងវិញ នៅក្រោយវិបត្តិផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថាៈ នៅចំពោះមុខ វិបត្តិគ្រោះទឹកជំនន់នេះ សូមអរគុណចំពោះ កម្លាំងមហាសាមគ្គីជាតិ របស់យើង ក្នុងនោះ ទី១.ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះដឹកនាំការងារ ជាប់រហូត និងគ្រប់ទីកន្លែង។ ទី២. អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ដែលជាកម្លាំងផ្ទាល់ នៅមូលដ្ឋាន ដែលបានជួយប្រតិបត្តិការរលឿន ក្នុងការជម្លៀសប្រជាពលរដ្ឋ ចេញទៅរកទីទួលសុវត្ថិភាព។ ទី៣. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានចូលរួម ក្នុងប្រតិបត្តិការសង្គ្រោះ គ្រោះមហន្តរាយនេះ យ៉ាងពេញទំហឹង និងទី៤. គឺកម្លាំងមនុស្សធម៌ និងស្ម័គ្រចិត្ត ដែលរួមមានសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស និងយុវជនគ្រប់មជ្ឈដ្ឋាន ដែលបានរួបរួមកសាងអំពើល្អជួយ សង្គ្រោះប្រជាពលរដ្ឋ ក្រោមការអំពាវនាវ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើ អរគុណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដែលតែងជឿទុកចិត្ត លើការដឹកនាំរបស់សម្តេច និងគាំទ្រគណបក្សប្រជាជន គ្រប់អាណត្តិ ដែលស្តែងឡើង ឱ្យឃើញនូវឆន្ទៈ ចូលរួមថែរក្សាសន្តិភាព ដែលយើងបានស្វែងរកបាន ដោយលំបាក និងមានពលិកម្មជាច្រើន។ ការថែរក្សាសន្តិភាព គឺជាកិច្ចការសំខាន់បំផុត សម្រាប់យើងទាំងអស់ គ្នា។ សូមបន្តជឿទុកចិត្ត លើសម្តេចតេជោ ដើម្បីបន្តដឹកនាំប្រទេសយើង ដើម្បីបន្តការរីកចម្រើន តទៅមុខទៀត៕