សម រង្ស៊ី ចូល​ស្រុក​បាន​ អត់​មាន​នរណា​ឃាត់​ទេ តែ​ត្រូវអនុវត្ត​ទោស​ជាប់គុក​២​ឆ្នាំ​សិន​

1166
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​ចេញមក​ប្រកាស​ជាថ្មី ម្តង​ទៀតថា លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​ ​
​ការប្រកាស​ជាថ្មី​របស់ លោក សម រង្ស៊ី បានធ្វើ​ឡើង​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​។
​ ​
​លោក សម រង្ស៊ី បានប្រកាស​យ៉ាង​ដូច្នេះ​ថា “I will return to #Cambodia in 2018. Hun Sen is not eternal. (​មានន័យថា ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៨​។ (​សម្តេច​) ហ៊ុន សែន គឺ​មិនមែន​អមតៈ​រហូត​ទេ​”​។​
​ ​
​ការប្រកាស​នេះ ធ្វើឡើង​មួយខែ​បន្ទាប់ពី​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បានផ្តល់​បទ​សម្ភាស​ដ​ល់ វិទ្យុ​អាស៊ីសេរី​កាលពី​យប់​​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​អះអាងថា បើសិន​ជាមាន​ការបើក​ផ្លូវ ដោយ​លុប​បំរាម ចំពោះ​ការចូល​ស្រុក​របស់លោក​នោះ លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ភ្លាមៗ​តែម្តង​។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​មានការ​ប្រកាស​យ៉ាង​ក្លាហាន​បែប​នោះ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​ជូន​ដំ​​ណឹ​ង (​ស​.​ជ​.​ណ​) ថ្មី​មួយ ដោយ​សម្រេច​លុប ស​.​ជ​.​ណ ចាស់ ដែល​រារាំង​ដល់​ការ វិលត្រឡប់​ចូល​ស្រុក​វិញ​របស់ លោក សម រង្ស៊ី ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​។​
​ ​
​យ៉ាងនេះ​ក្ដី ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​លុបចោល​នូវ​បម្រាម​នេះ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ លោក សម រង្ស៊ី បែរជា​ប្រកាស​នៅលើ Twitter វិញ​ថា លោក​នឹង​មិនទាន់​ត្រឡប់មក​កម្ពុជា​ឡើយ លុះត្រា​ឧបសគ្គ​នានា ត្រូវបាន​ដោះស្រាយ ដើម្បី​សុវត្ថិភាព និង​សេរីភាព​របស់លោក​ទៅវិញ​។​
​ ​
​លោក សម រង្ស៊ី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «When all obstacles to my safe return and freedom of movement are cleared, I will return to #Cambodia. #SamRainsy» ដែល​មានន័យថា​«​នៅពេល​រាល់​បញ្ហា​ទាំងអស់​ដែល​រារាំង​​ការវិលត្រឡប់​របស់​ខ្ញុំ​ទៅ​កម្ពុជា និង​សេរីភាព​ក្នុងការ​ធ្វើ​ចលនា​ផ្សេងៗ​ត្រូវបាន​ដោះស្រាយ ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​»​។​
​ ​
​យ៉ាងណា​ម៉េ​ញ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​សរសេរ​សារ​ខ្លី​មួយ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​​ក្រាម​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​នេះដែរ​ថា “​ចំពោះ​ករណី សម រង្សី មិនមាន​អ្នកណា​ហាមឃាត់​មិន​ឲ្យ​ចូលមក​កម្ពុជា​ទេ​។​គាត់​ចង់​ចូលមក​​កម្ពុជា​នៅពេលណា​ក៏បាន តែ​ត្រូវ​មក​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​តុលាការ គឺ​មក​ចូល​គុក​២​ឆ្នាំ និង​បង់ប្រាក់​ពិន័យ ៨​លាន​រៀល ។ និង​មាន​សំណុំរឿង​មួយចំនួនទៀត កំពុង​រង់ចាំ សម រង្សី​”​។​
​ ​
​លោក​សុខ ឥសាន ក៏បាន​បញ្ជាក់ដែរថា “​ករណី​សម រង្សី និង​មន្ត្រី​បក្សប្រឆាំង​មួយចំនួនទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា គ្មាន​ជនបរទេស​ណា​អាច​លូកដៃ​ចូល​បានទេ ពីព្រោះ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ មាន​អាធិបតេយ្យ ត្រឹមត្រូវ​និង​ពេញលក្ខណៈ​”៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ