Home ព័ត៌មានជាតិ សន្តិសុខ នារីក្លាហាន​ម...

នារីក្លាហាន​ម្នាក់​ដេញចាប់​ចោរ​កាច់ក​ម៉ូតូ​ខ្លួន​រហូត​បានសម្រេច​

ដោយ​: សម្បត្តិ / ភ្នំពេញ​: កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​វាយខ្នោះ​ជនសង្ស័យ​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បានសម្រេច កាលពី​វេលា​ម៉ោង​១២ និង​៣០ នាទី​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះជួល​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឃួន ខុម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ផាន់ គ្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​លក់​ផលិតផល​តាម​អន​ឡាញ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​យោងតាម​សម្ដី​របស់​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1U-5100 ចេញពី​កន្លែងធ្វើការ​បំណង​មកលេង​ផ្ទះជួល​របស់​ប្អូនស្រី ដែល​នៅ​កន្លែងកើតហេតុ​។ ខណៈ​មកដល់​បន្ទប់​ជួល​របស់​ប្អូនស្រី រូបនាង​ក៏បាន​ទុក​ម៉ូតូ និង​ចាក់​សោក​ត្រឹមត្រូវ​នៅមុខ​បន្ទប់ ហើយ​ក៏បាន​ចូលទៅ​សម្រាក​នៅក្នុង​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ​របស់ខ្លួន​បញ្ឆេះ ពេលនោះ​ក៏​បើកទ្វារ​បន្ទប់​មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឡើង​ជិះ​ម៉ូតូ​បំណង​គេចខ្លួន តែដោយសារ​តែ​នាង​ស្រែក​ផ្អើលឆោឡោ និង​ដេញតាម​ពីក្រោយ ហើយ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ក្មេង​ម្នាក់ នៅ​ស្នាក់នៅ​កន្លែងកើតហេតុ បាន​ដួល​នោះ រូបនាង​ក៏បាន​ចាប់​ជនសង្ស័យ​បាន​ភ្លាម ជាមួយនឹង​អ្នក​នៅ​បន្ទប់​ជួល ពេលនោះ​ក៏បាន​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្ដាលឱ្យ​ជនសង្ស័យ​មាន​ស្នាម​បែក​នៅត្រង់​ក្បាល​ផងដែរ​។ រួច​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ យក​ជនសង្ស័យ​យកមក​សាកសួរ​។​

​ក្រោយពី​សួរនាំ​រួច សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​។​ចំណែក​ម៉ូតូ​របស់​នារី​រងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​នារី​រងគ្រោះ​វិញ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular