ស្ងាត់ៗ លោក កឹម សុខា ដើរ​ជាមួយ​លោក យ៉ង សាំង​កុមារ​!

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក សាម អ៊ី​ន អ្នកនាំពាក្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្ហោះ​រូបថត មួយ​សន្លឹក របស់លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យង់ សាំង​កុមារ ជា​អតីត​ប្រធាន អង្គការ​កសិកម្ម សេ​ដាក ហើយ​បច្ចុប្បន្ន ជា​ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​ប្រជា​ធិ​ប តេ​យ្យ​មូលដ្ឋាន និង​មនុស្ស​មួយចំនួនទៀត ដើរ​លើដី​ក្រហម​។​

​លើ​ចំណងជើង​រូបថត​នោះ លោក សាម អ៊ី​ន បាន​សរសេរ​យ៉ាងខ្លី​ថា «​ផ្លូវបត់ ឬ​ផ្លូវ​ថ្មី​? ចាំ​ចប់​រឿង បៃ​ឌិន និង​ត្រាំ​សិន ចាំ​ស្វែងយល់​បន្ថែម​»​។​

​តាម​ប្រវត្តិ​សាវតា លោក កឹម សុខា គឺជា​អ្នកនយោបាយ ដែល​កើតចេញពី​អង្គការ​សង្គម ស៊ីវិល​ដែរ​។ លោក កឹម សុខា ជា​អតីត​ប្រធាន​អង្គការសិទ្ធិមនុស្ស ដែលមាន​ឈ្មោះថា «​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​»​។

​តាម​ប្រវត្តិ​ត្រួសៗ លោក កឹម សុខា បាន​ប្រឡូក​នយោបាយ នៅក្នុង​ការបោះឆ្នោត ឆ្នាំ​១៩៩៣ នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ របស់​លោកតា សឺ​ន សាន ហើយ​បាន​ជាប់​ជា​តំណាងរាស្ត្រ ដល់​ឆ្នាំ​១៩៩៨​។ បន្ទាប់ពី​គណបក្ស របស់​លោកតា​សឺ​ន​សាន រលត់រលាយ លោក កឹម សុខា បាន​ប្តូរ​មក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្លាយជា​សមាជិក​ព្រឹទ្ធសភា ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០២​។ នៅ​ឆ្នាំ​២០០២ លោក កឹម សុខា បាន​ចេញពី គណបក្សនយោបាយ​ទៅ​បង្កើត​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ដោយ​ទទួល​ជំនួយ​ពី​អាមេរិក​។​

​រហូតដល់​ឆ្នាំ​២០០៧ លោក កឹម សុខា បាន​លាឈប់ ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្កើត​គណបក្សនយោបាយ ឈ្មោះថា គណបក្ស​សិទ្ធិមនុស្ស ។ នៅ​ខែតុលា ឆ្នាំ​២០១២ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ចាប់ដៃ​ជាមួយ លោក សម រង្ស៊ី កាលណោះ ជា​ប្រធាន​គណបក្ស​សមរង្ស៊ី រួមគ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​។​

​ក៏ប៉ុន្តែ​សម្ព័ន្ធភាព រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​សម្ព័ន្ធភាព​ក្លែងក្លាយ គឺ​រួមគ្នា ដើម្បី​ចង់តែ​កើន​សំឡេងឆ្នោត ហើយ​លាក់​កាំបិត​ស្នៀត រៀងៗ​ខ្លួន រីឯ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រួមទាំង​អ្នក​ក្រោមៗ រហូតដល់​មូលដ្ឋាន ហាក់​មិន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។

​សម្ព័ន្ធភាព​ក្លែងក្លាយ​នេះ ត្រូវ​បែកធ្លាយ និង​បើក​វាំងនន បង្ហាញ​ការពិត ចាប់តាំងពី​ពេល​លោក កឹម សុខា ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ក្នុងពេល លោក សម រង្ស៊ី ជាប់ទោស មិនអាច​វិលត្រឡប់ ចូល​ស្រុក​វិញ​បាន​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ ក្បត់ជាតិ ហើយ​ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​រំលាយចោល និង​ហាមឃាត់​ថ្នាក់ដឹកនាំ​កំពូលៗ ១១៨ រូប មិន​ឲ្យ​ធ្វើ នយោបាយ រយៈពេល ៥​ឆ្នាំ ។​

​សព្វថ្ងៃ លោក កឹម សុខា នៅជាប់​ឈ្មោះ ជា​ជនជាប់ចោទ ដោយសារតែ​សំណុំរឿង របស់លោក កំពុងដំណើរការ​ជំនុំជម្រះ​ក្តី នៅ​តុលាការ សាលាដំបូង រាជធានី​ភ្នំពេញ តែដោយសារ​តែ​កូ​វីដ កាលពី​ខែមីនា ឆ្នាំ​២០២០ សំណុំ​រឿងក្តី របស់លោក កឹម សុខា ក៏ត្រូវ​ពន្យារពេល​បើក សវនាការ​។ លោក កឹម សុខា អាច​ដើរទៅ​គ្រប់​ទីកន្លែង នៅក្នុង​ស្រុក តែ​លោក ក៏​នៅជាប់​បំរាម របស់​តុលាការ​កំពូល មិន​ឲ្យ​ធ្វើ​នយោបាយ ក្នុង​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​យ៉ាងណាក៏ដោយ អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បំរាម​មិន​ឲ្យ​ធ្វើ នយោបាយ ៥ ឆ្នាំ​នោះ មានច្បាប់ អនុញ្ញាត​ឲ្យ​អាចធ្វើ​លិខិត ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង វិញ​បាន ជា​លក្ខណៈ​បុគ្គល​ម្នាក់ៗ​។ ក្នុងនោះ យ៉ាងហោចណាស់ មាន​អតីត​ថ្នាក់ដឹកនាំ និង​អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​លោក សុន ឆ័យ ផង​បានធ្វើ​លិខិត ស្នើសុំ ហើយ​ទទួលបាន​សិទ្ធិ ធ្វើ​នយោបាយ​ឡើងវិញ ភ្លាមៗ​ផងដែរ​។​

​និយាយ​ពី​ក្រុម របស់លោក យ៉ង សាំង​កុមារ លោក សាម អ៊ី​ន ព្រមទាំង​លោក យ៉េ​ង វីរៈ ដែល​រួមគ្នា បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​អស់លោក​ទាំងអស់ សុទ្ធតែជា​អតីត ប្រធាន​អង្គការ​សមាគម ផ្នែក​កសិកម្ម និង​ខាង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដូច​លោក កឹម សុខា ដែរ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​។ គណបក្ស​ថ្មី​នេះ បាន​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ដោយ​ប្រជែង​នឹង​គណបក្សនយោបាយ ជាច្រើន​ផ្សេងទៀត ក្នុងនោះ នៅ​ឆ្នាំ ២០១៧ ក៏មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន របស់​អតីត​មេដឹកនាំ អង្គការ​សង្គម​ស៊ីវិល​នេះ មិន​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា ឡើយ​។​

​យ៉ាងណាក៏ដោយ នៅពេលនេះ លោក កឹម សុខា ដែល​បាន​បែកបាក់​រួចទៅហើយ ជាមួយ លោក សមរង្ស៊ី តាំងពី​ថ្នាក់​កំពូល ដល់​ថ្នាក់មូលដ្ឋាន ហើយ​កំពុង​ជាប់​បណ្តឹង​រឿង​ក្បត់ជាតិ នៅ​តុលាការ ដែល​ប្រៀប​ដូច​អ្នក​ធ្លាក់ទឹក រង់ចាំតែ​អ្នក​ជួយ​ស្រង់​ប៉ុណ្ណោះ​។ លោក កឹម សុខា គ្មាន​ជម្រើស​អ្វី ក្រៅតែពី​រក​អ្នក​ជួយ និង​រួម​កម្លាំង ដើម្បី​ចូលរួម​ការបោះឆ្នោត ខាងមុខ ក្រែងលោ អាច​រកបាន​កៅអី នៅ​រដ្ឋសភា ក្លាយជា​ឯកឧត្តម ឡើងវិញ​ប៉ុណ្ណោះ​។

​ចូរ​កុំភ្លេចថា នៅពេល​ចូលរួម ការបោះឆ្នោត​លើកដំបូង កាលពី​ឆ្នាំ​២០០៨ គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា ទទួល​បានតែ ៣ អាសនៈ​ប៉ុណ្ណោះ ក្នុងចំណោម ១២៣ អាសនៈ គឺ​រូបលោក​ខ្លួនឯង នៅ​ខេត្តកំពង់ចាម នៅ​ខេត្តកណ្តាល​១ និង ១​កៅអី​ទៀត នៅ​ខេត្តព្រៃវែង​។​

​យ៉ាងណាក៏ដោយ ដំណើរការ​រួបរួម រវាង​លោក កឹម សុខា និង​ក្រុម​លោក យ៉ង សាំង​កុមារ នៅមាន​រឿង​ច្រើន ដែល​ត្រូវ​ពិភាក្សា និង​ឆ្លងកាត់​។ ក្នុងនោះ សំណុំរឿង របស់លោក កឹម សុខា នៅ​តុលាការ គឺជា​ឧ​ប​ស័គ្គ​ធំជាងគេ ហើយ​តំណែង​របស់ លោក កឹម សុខា ក្នុង​គណបក្ស​រួបរួម​ថ្មី ក៏​ជា​រឿង​ដែល​ស្មុគស្មាញ មួយ​ដែរ​។​

​ប៉ុន្តែ​ទោះបីជា​ការរួបរួម រវាង​លោក កឹម សុខា និង​ក្រុម​លោក យ៉ង សាំង​កុមារ ធ្វើបាន​មែន ក៏​អនាគត​បក្សប្រឆាំង​ថ្មី​នេះ នឹង​នៅតែ​មិនមែន ជា​ដៃគូ​ប្រជែង យកឈ្នះ​គណបក្ស​ប្រជាជន កម្ពុជា បានឡើយ​។ មូលហេតុ កាលពី​ឆ្នាំ​២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស ប្រឆាំង ដែលមាន​សំឡេង​រួបរួម នៅ​ប្រមូលផ្តុំ តែ​ក៏​នៅតែ​មិនអាច​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផង​។

​ចុះ​ពេលនេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បែក​សំឡេង ក្លាយជា​ច្រើន​បក្ស ច្រើន​ពួក​ដោយ​គ្រាន់ តែ​រាប់ ក្រុម​អតីត​អង្គការ​សង្គម​ស៊ីវិល ក៏​កើតជា​បក្ស​មួយ ក្រុម​លោក ម៉ម សូណង់ដូ​ក៏​កើត​បក្ស មួយ ហើយ​ក្រុម​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមក​បង្កើត​គ​ណ​បក្ស ច្រើន​រាប់មិនអស់ នេះ​គេ​មិនទាន់​គិតដល់ កម្លាំង​ធំ​រវាង​លោក សមរង្ស៊ី និង​លោក កឹម សុខា ដែល​មិនត្រូវ​គ្នា​ផង​។​

​ដូច្នេះ​ទោះបីជា​មានការ​រួបរួម ឬ​មិន​រួបរួម រវាង​លោក កឹម សុខា និង​ក្រុម​លោក យ៉ង សាំង​កុមារ ក៏​លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២០២៣ មិន​ខុស​កាលពី​ឆ្នាំ​២០០៨ ប៉ុន្មាន​នោះទេ​។ គ្រាន់តែ​ថា បើ​លោក កឹម សុខា និង​ក្រុម​លោក យ៉ង សាំង​កុមារ រួមគ្នា​បាន​មែន គឺ​កើន​សំឡេងឆ្នោត របស់​ក្រុម​អស់លោក​នោះ ហើយ​អាច​មានឱកាស ក្លាយជា​ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ នៅ​រដ្ឋសភា​។ តែ​ក៏ត្រូវ​ពឹង​លើ​សមត្ថភាព របស់​អស់លោក​ដែរ ព្រោះ​សព្វថ្ងៃនេះ​គណបក្ស ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល តាំងពី​រំដោះប្រជាជន ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោតជាតិ ជា​បន្តបន្ទាប់ ក្នុងនោះ នៅ​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​រដ្ឋសភា ទាំង ១២៥ តែឯង​នោះបាន​ធ្វើ​ការងារ ច្រើន បំពេញតម្រូវការ​ប្រជាជន​ម្ចាស់ឆ្នោត​។ មិនចាំបាច់​រម្លឹក​ច្រើន គ្រាន់តែ​ថ្មីៗ​នេះ​គឺ​ការប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​១៩ និង​ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ក៏​សុទ្ធតែ​ជាការ ប្រឹងប្រែង របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ទេតើ​!៕PC

លោក កឹម សុខា និង​លោក យង់ សាំង​កុមារ ព្រមទាំង​មនុស្ស​មួយចំនួនទៀត ដើរ​ជជែក​គ្នា ក្នុងពេល​កន្លងមក ( រូបភាព​ពី​ហ្វេ​ស៊​បុក​លោក សាម អ៊ី​ន )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...