អាជីវករ នៅ​បឹង​ត្រកួន តវ៉ា​នឹង​ម្ចាស់​ផ្សារ ឃ្លាំង សេ

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជីវករ លក់ដូរ​នៅ​ផ្សា​របឹង​ត្រកួន​ចាស់​បាន​ផ្ទុះ​ការតវ៉ា​នឹង ម្ចាស់​រោង​ជួល ឬ​អគារ​នៃ​ផ្សារ​នេះ និង​ជា​ម្ចាស់​ផ្សារ​ថ្មី ដែល​មិនទាន់មាន អាជ្ញាប័ណ្ណ​ដល់​ខេត្ត គឺ​លោក ឃ្លាំង សេ ។ ពួកគេ​បានស្នើ​សុំ​បង់លុយ​រាយ​ខែ ដូច​សព្វមួយដង ពោលគឺ​មិន​បង់​លុយដុំ ជា​អាណត្តិ​៥ ទៅ​១០​ឆ្នាំ អី​ទេ ។ ចំណែក​អាជីវករ ខាង​ផ្សារ​ថ្មី និង​លោក ឃ្លាំង សេ បាន​បំភ្លឺថា បើ​អ្នកណា ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី នឹង​ទទួលបាន​ការលក់ដូរ រយៈពេល ១០ ខែ ឬ ១ ឆ្នាំ ដោយ​គិតថ្លៃ ។ តែបើ​នៅ​លក់ដូរ ក្រោម​រោង​របស់លោក នា​ផ្សារ​ចាស់ នឹងត្រូវ​បង់លុយ​ដុំ ជា​អាណត្តិ ព្រោះ​ដើម្បី​ទប់​ការចំណាយ ។​

​អ្នកស្រី មិញ សុធី​ណា អ្នកស្រី ស ស្រី​ណុ​ច លោក សុខ គឹម​ឡាយ តំណាង​អាជីវករ នៅ​ផ្សារ បឹង​ត្រកួន​ចាស់ នា​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ថាៈ ពួកខ្លួន រាប់រយ​នាក់ ស្នើសុំ​ការអន្តរាគមន៍ ពី​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បាន​លក់ដូរ ជាធម្មតា នៅក្រោម​ដំបូល​រោង ឬ អគារ​ជួល របស់លោក ឃ្លាំង សេ នៅ​ផ្សា​របឹង​ត្រកួន​ចាស់ ដោយ​បង់លុយ​ឈ្នួល​តូប / រាន ចំនួន ៤ ម៉ឺន​រៀល ក្នុង​១​ខែ ហើយ​ជំទាស់​នឹង​ការបង្ខិតបង្ខំ អោយ​ចាកចេញ ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី របស់​ម្ចាស់​រោង​ជួល​នេះ នៅ​ភូមិ​ថ្នល់បំបែក ជិតខាង​នឹង​ផ្សារ​ចាស់ ដោយ​ពួកគេ បារម្ភ​ថា ផ្សារ​នោះ អត់​ច្បាប់​។ ហេតុនេះ ពួកខ្លួន​មិន​ព្រម​បង់​លុយដុំ ចំនួន ៤.០០០ ទៅ ៥.០០០ ដុល្លារ អាម៉េរិក ក្នុង​១​អាណត្តិ ( ៥ ទៅ ១០ ឆ្នាំ​) តាម​ការចង់បាន​រប​ស់លោក ឃ្លាំង សេ និង​លោក គុណ គឹម​ចេង មេភូមិ​បន្ទាយ​មាន​រឹទ្ធ ដូចដែល​បានចេញ​លិខិត ជូនដំណឹង​លើក​ទី​១ ចុះ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នោះឡើយ ។​

​សូមបញ្ជាក់ថា អាជីវករ ដូចខាងលើ បាន​ផ្ទុះ​ការតវ៉ា​ដូច្នេះ បន្ទាប់ពី​លោក​មេភូមិ និង​លោក ឃ្លាំង សេ បានចេញ​លិខិត​នោះ និង​បាន​កោះហៅ​អាជីវករ នៅ​ផ្សា​របឹង​ត្រកួន​ចាស់ ទៅ​ស្តាប់ និង​ស្នើអោយ​អនុវត្ត ក្នុង​ខ្លឹមសារ​ថា ពួកគេ ជា​ម្ចាស់​អគារ (​រោង​ជួល​) លក់​គ្រឿងឧបភោគ បរិភោគ (​ផ្សារ​បន្លែ​) បឹង​ត្រកួន នឹងត្រូវ​បញ្ចប់​ការជួល ប្រចាំខែ នៅ​ដំណាច់ ឆ្នាំ​២០២០ ខាងមុខ​។ តែ​ពួកគេ ត្រូវ​ជួល ក្នុង​រយៈពេល​វែង គឺ​ត្រូវ​បង់លុយ​ពី ៤.០០០ ទៅ ៥.០០០ ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល ៥ ទៅ ១០ ឆ្នាំ (​អាណត្តិ​) ។​

​អាជីវករ​ដដែល បាន​បន្តថាៈ ពួកខ្លួន​លក់ដូរ ក្រោម​រោង ឬ​អគារ​ជួល​នេះ គឺ​គ្មាន​កំណត់​អាណត្តិ អី​ទេ ហើយក៏​មិនអាច​បង់ថ្លៃ​ឈ្នួល រយៈពេល​វែង​អី​ដែរ ព្រោះ បច្ចុប្បន្ន កំពុង​ជួប​ការលំបាក ខ្វះខាត​ជីវភាព ពី​ផលប៉ះពាល់ នៃ​ទឹកជំនន់ និង​វិបត្តិ​ជំងឺ​កូ​វីត ១៩ ។ បន្ថែម​លើ​នោះ ពួកខ្លួន រង់ចាំតែ​ផ្សា​របឹង​ត្រកួន​ចាស់ ដែល​កំពុង​សាងសង់ ជា​ផ្សារ​បេតុង ២ ជាន់ រួចរាល់​នឹង​ចូលទៅ ប្រកប​អាជីវកម្ម នៅ​ទីនោះ​វិញ ព្រោះ​ជាទី​តាំង​ដី​រដ្ឋ ហើយ​វិនិយោគ ដោយ​ឯកជន ។ ហេតុនេះ ពួកខ្លួន​សូម​ជំ​រុញអោយ​អ្នកវិនិយោគ សាងសង់​អគារ​បេតុង ផ្សា​របឹង​ត្រកួន​ចាស់​អនុវត្ត​អោយ បាន​ឆាប់​រួចរាល់ ។​

​ឆ្លើយតប​ការស្នើ​នេះ តំណាង​នៃ​ក្រុមហ៊ុន ជាន វណ្ណៈ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា តាម​ទូរ​ស័​ព្ឌ កាលពី​ព្រលប់ ថ្ងៃទី​៦ វិច្ឆិកា​ថាៈ ក្រុមហ៊ុន​នេះ និង​ដៃគូ បាន​នឹង​កំពុង​បន្ត​វិនិយោគ សាងសង់ ផ្សារ​បេតុង​រឹងមាំ កម្ពស់ ២ ជាន់ នៅ​ទីតាំង​ផ្សា​របឹង​ត្រកួន​ចាស់ លើដី​រដ្ឋ ហើយ​មាន​អាជ្ញាប័ណ្ណ ស្របច្បាប់​គ្រប់​ថ្នាក់​។​

​លោក​បាន​បន្តថាៈ លោក​នឹង​អោយ​ក្រុមការងារ សាងសង់​ផ្សារ​នេះ អោយ​រួចរាល់​ឆាប់​ហើយ បើក​លក់ដូរ ឬ​ជួល​តូប​ស្តង់ អោយ​អាជីវ​ករចាស់ និង​ថ្មី តាម​កិច្ចសន្យា​ត្រឹមត្រូវ ហើយ​ធានា​គាំពារ ដល់​អតិថិជន​ផង ។​

​រីឯ​អ្នកស្រី សាំង មរតក​ត ហៅ​ស្រី ណែ​ត , លោក ឃ្លាំង សេ ជា​ម្ចាស់​រោង ឬ​អគារ​ជួល និង​ផ្សារ​ឃ្លាំង សេ​ថ្មី នៅ​ភូមិ​ថ្នល់បំបែក បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថាៈ ផ្សារ​ឃ្លាំង សេ​ថ្មី មានច្បាប់​ត្រឹមត្រូវ មានការ​ស្នើ​ពី​ភូមិ ឃុំ ស្រុក ប៉ុន្តែ​មិនទាន់​ទទួលបាន ការអនុញ្ញាត ពី​មន្ទីរជំនាញ និង​អាជ្ញាធរខេត្ត នៅឡើយ​។ ផ្សារ​នេះ មិនទាន់មាន​អាជ្ញាប័ណ្ណ ទើប​មិនទាន់​អោយ​អាជីវករ បង់លុយ​អាណត្តិ តែ​បង្កើត​វា​ឡើង ក្នុង​បំណង​ជួយ​ពលរដ្ឋ ដែល​មិនសូវមាន លទ្ធភាព ឬ​ពលរដ្ឋ​ក្រីក្រ ។ ផ្សារ​ថ្មី​នេះ សាងសង់​ជិត​រួចរាល់ ហើយ​មាន ៤០០ តូប /​ស្តង់ ។ ឯ​អគារ​ជួល នៅ​ផ្សា​របឹង​ត្រកួន មានតែ ១០០ តូប​។​

​អ្នកស្រី បាន​បន្តថាៈ ពួកខ្លួន​មិនបាន​កៀបសង្កត់ ឬ​បង្ខំ​អាជីវករ អោយមក​លក់ដូរ នៅ​ផ្សារ​ថ្មី ហើយ​ត្រូវតែ​ចាកចេញ ពី​រោង​ជួល​ចាស់ ក៏​ទេ​ដែរ ។ ប៉ុន្តែ ការដែល​តម្រូវអោយ​អាជីវករ លក់ដូរ​បន្ត នៅ​អគារ​ជួល​ចាស់ នៅ​ផ្សា​របឹង​ត្រកួន គឺ​មកពី​អាជីវករ សល់​តែ ៩ នាក់ ជា​អ្នក ជំទាស់ ហើយ​ទើប​តម្រូវអោយ បង់លុយ​ដុំ ក្នុង​អាណត្តិ​វែង ព្រោះថា បើ​យកឈ្នួល​តូប ៤ ម៉ឺន ក្នុង​១​ខែ​ទៀត ឃើញថា ទប់ទល់​ចំណាយ​ថ្លៃ​ភ្លើង ទឹក សំរាម ថ្លៃ​អ្នក​ដើរទារ​ភាស៊ី​មិន​បានទេ​។ បន្ថែម​លើ​នោះ បើ​បងប្អូន មក​លក់ដូរ នៅ​ផ្សារ​ថ្មី​របស់លោក ឃ្លាំង សេ គឺ​នឹង​ទទួល​ប្រយោជន៍ ដោយ​មិន​បង់ប្រាក់​ឈ្នួល​តូប ស្តង់​ចំនួន​ពី ១០​ខែ ទៅ ១​ឆ្នាំ ។​

​ចំំ​ណែ​ក​អ្នកស្រី នួន ស៊ាន អាជីវករ​ចាក់ខ្សែ ឬ​និយម​កណ្តាល បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថាៈ អ្នកស្រី​មិនមាន​ទំនាស់​នឹង​ភាគី ខាង​ណា​ទេ ។ តែ​អ្នកស្រី មាន​លុយ គឺ​បាន​ទិញ​ដី​ល្វែង ទិញ ឬ​ជួល​តូប នៅ​គ្រប់​តែ​ផ្សារ ក្នុងចំណោម​ផ្សារ ៤ កន្លែង នៅ​ប្រជុំជន​បឹង​ត្រកួន ដ៏​តូច នៃ ២ ភូមិ​នេះ ។ ដូច​ទីតាំង​ផ្សារ​ថ្មី​នេះ អ្នកស្រី ក៏មាន​ដី មាន​តូប​ស្តង់ ហើយ​ឃើញ​ធំ​ទូលាយ​មា​នទី​ចំណត ស្រឡះ​ផងដែរ ។​

​បំភ្លឺ​ករណីនេះ លោក ចេ​ន សឹង មេភូមិ​ថ្នល់បំបែក លោក ថៃ សាន តំណាង​អាជ្ញាធរ​ឃុំ​គោក រមៀត និង​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​កាសែត រស្មី​កម្ពុជា​ជា​បន្តបន្ទាប់ មក ដល់​ថ្ងៃទី​៧ វិច្ឆិកា​នេះ​ថាៈ ជាគោលការណ៍ ផ្សារ​របស់លោក ឃ្លាំង សេ បាន​កសាង​ថ្មី​ឡើង តាម​សំណូមពរ និង​ការចូលរួម​បង្កើត របស់​ពលរដ្ឋ និង​អាជីវករ ហើយ​បាន​ស្នើសុំ​ពី​ភូមិ ឃុំ ទៅដល់​ស្រុក​ហើយ ពោលគឺ​បាន​ធ្វើជា​ផ្សារ​សហគមន៍​សិន សឹម​រត់ការ​សុំច្បាប់​ប​ន្ត ទៅ​មន្ទីរជំនាញ និង​អាជ្ញាធរខេត្ត តាម​ក្រោយ ៕​PC

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular