ដោយៈ គ្រញូង / បាត់ដំបងៈ នៅក្នុងបរិវេណអាកាសយានដ្ឋាន វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំចែកគ្រាប់ពូជស្រូវ ដល់ប្រជាកសិករ ចំនួន ១០.២១០ គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ លិចខូចខាតស្រូវ របស់ពួកគាត់ នៅទូទាំងខេត្តបាត់ដំបង។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្នុង ១ គ្រួសារ ទទួលបានស្រូវពូជ ១០០ គីឡូក្រាម និងអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ឃីត១កញ្ចប់ និងថវិកា ៥ ម៉ឺនរៀល។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួម ពីលោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយជាតិ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋភិបាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ៕/V