ដោយ: ដេប៉ូ / ភ្នំពេញ: មន្ត្រីនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា គិតមកត្រឹមយប់ថ្ងៃទី៧ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំបានរកឃើញក្លឹបហាត់ការ៉ាតេ និងគ្រឹះស្ថានឯកជនមួយចំនួនទៀត បានពាក់ព័ន្ធនឹងករណីគណៈប្រតិភូ នៃប្រទេសហុងគ្រី។
ថ្លែងបញ្ជាក់ប្រាប់រស្មីកម្ពុជានាព្រឹកថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ២០២០នេះ លោក រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្រសួងបានរកឃើញក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៨ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
លោកបានបញ្ជាក់បន្ថែមថា ក្រោយពីពេលរកឃើញនេះដែរ គណ:គ្រប់គ្រងក្លឹបហាត់ការ៉ាតេដូ មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ គ្រឹះស្ថានសិក្សាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
មន្ត្រីនាំពាក្យរូបនេះបានលើកមកបញ្ជាក់ពីស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងដែលគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០មានដូចជា ៖១)ក្លឹបហាត់ការ៉ាតេដូ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។២)មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១÷ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៣)គ្រឹះស្ថានសិក្សា៨÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤)គ្រឹះស្ថានសិក្សា៧÷ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ដោយឡែកស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖១)គ្រឹះស្ថានសិក្សា៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២)គ្រឹះស្ថានសិក្សា៥÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ ចំណែកស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖ ១)គ្រឹះស្ថានសិក្សា៤មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២)គ្រឹះស្ថានសិក្សា៣មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ ៣)គ្រឹះស្ថានសិក្សា២មាន សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤)គ្រឹះស្ថានសិក្សា១មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
លោកបានបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ព្រមជាមួយគ្នាក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕ ល