ដោយៈប.ខុន/ភ្នំេពញៈក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ខែវិច្ឆិកានេះបានចេញសេចក្តីប្រកាសព័ត៍មានថានៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ ( Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះ ទី ២១ ឈ្មោះ អេតូ ( ETAU ) នៅថ្ងៃទី ១០ ខែវិច្ឆិកា ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាតាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេស វៀតណាមនៅថ្ងៃទី ១០ ខែវិច្ឆិកា ហើយបន្ទាប់មកជាសម្ពាធទាប ( Low Pressure ) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណា ចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកាមានស្ថានភាព ដូចខាងក្រោម ៖
– បណ្តារាជធានី ខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មានពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕សរន