ដោយ:ស្រីនាថ/ភ្នំពេញ:លោក នេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់តាមបណ្តាញសង្គមនៅព្រឹកនេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។
សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង ប្រឆាំង អោ អាន នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ បន្ទាប់ ពីមាន “បណ្តឹងសាទុក្ខ ជាបន្ទាន់ ប្រឆាំង នឹងការរំលត់ជាធរមាននៃសំណុំរឿង ០០៤/២ របស់ អង្គជំនុំជម្រះសាលាដំបូង” របស់ សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បាន ដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។ អង្គជំនុំជម្រះតុលាការកំពូល បាន ពិចារណាឃើញថា៖ “បើទោះបី ជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹងចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល ” នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ “ក៏ពុំមានការ ឯកភាពគ្នាឡើយ បន្ទាប់ ពីរយៈ ពេ លដប់បីឆ្នាំនៃកិច្ច ស៊ើប សួរ ដែលថា អោ អាន ស្ថិតក្នុង យុត្តាធិការ របស់ [អ.វ.ត.ក]ឬយ៉ាងណា”។ អង្គជំនុំជម្រះតុលាការកំពូល បាន សម្រេចថា៖“ក្នុង ករណី ដែល ពុំ មានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និង អាច អនុវត្តបាននោះដូចនេះ រឿង ក្តី ប្រឆាំង នឹង អោ អាន ត្រូវ បញ្ចប់ នៅ ចំពោះមុខ អ.វ.ត.ក”។។
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រានិងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូល បានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០៕សរន