ដោយ: បូកគោ / កំពត: ដើម្បីទទួលបាននូវធនធានមនុស្ស ដែលប្រកបដោយគុណភាពសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿលឿន គ្រប់មជ្ឈដ្ឋាទាំងអស់ចាំបាច់ត្រូវតែយកចិត្តទុកដាក់ចំពោះកុមារជាចម្បង។
កាលពីសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទឹកឈូ ប្រតិភូនៃធនាគារហត្ថាបានភ្ជាប់មនោសញ្ចេតនា ក៏ដូចជាបង្កភាពកក់ក្តៅចំពោះកុមារក្នុងគ្រួសារក្រីក្រ ព្រមទាំងកុមារកំព្រាពិការមកពីស្រុកទឹកឈូ និងក្រុងកំពតជាង១០០នាក់តាមរយៈការផ្តល់ជូនសម្ភារៈសិក្សា ប្រដាប់ប្រដាប្រើប្រាស់ រួមទាំងថវិកាមួយចំនួន។
ថ្លែងក្នុងពិធីខាងលើ លោកដួង ច័ន្ទសុវិជ្ជា អគ្គនាយកលក់ និងចែកចាយធនាគារហត្ថាបានមានប្រសាសន៍ថាដើម្បីឱ្យអនាគតប្រទេសជាតិទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពសម្រាប់កសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានរីកចម្រើនជឿនលឿន គ្រប់មជ្ឈដ្ឋានទាំងអស់ចាំបាច់ត្រូវតែយកចិត្តទុកដាក់ចំពោះកុមារ ពិសេសកុមារក្នុងគ្រួសារក្រីក្រ ក៏ដូចជាកុមារកំព្រាជាចម្បង។ ប្រសិនបើកុមារបោះបង់ ឬមិនបានចូលសិក្សាច្រើនឡើងៗ នោះវិបត្តិសង្គមនឹងកើតមានព្រោះតែភាពខ្វះខាតផ្នែកធនធានដែលជាសសរគ្រឹះក្នុងដំណើរការកសាងគ្រប់វិស័យនានា។
លោកអគ្គនាយកបានបញ្ជាក់ថាផ្តើមចេញពីខ្លឹមសារនេះទើបធនាគារហត្ថាតែងចែករំលែកនូវទ្រព្យសម្បត្តិមួយចំនួនដែលរកបានមកផ្តល់ជូនកុមារក្នុងគ្រួសារក្រីក្រ និងកុមារកំព្រាពិការដើម្បីបានបន្តការសិក្សាដូចកុមារដទៃៗទៀត។ ពិតណាស់ អំណោយដែលប្រតិភូធនាគារហត្ថាផ្តល់ជូននាពេលនេះមានទំហំតិចតួច តែជាមនោសញ្ចេតនាដ៏ស្មោះសរក្នុងនាមដៃគូវិនិយោគក្រោមកិច្ចទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៤មកនោះ។ លោកដួង ច័ន្ទសុវិជ្ជា បានបន្តថាក្នុងលក្ខខណ្ឌដែលអាជីវកម្មនៅមានដំណើរការល្អ ធនាគារហត្ថានឹងបន្តចូលរួមរំលែកក្តីលំបាកជាមួយគ្រួសារក្រីក្រ កុមារកំព្រា ចាស់ជរាដូចធ្លាប់បានធ្វើជាច្រើនលើកកន្លងមក៕ ល