ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័កប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។
ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនប្រជាពលរដ្ឋថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយសម្ដេចក៏នឹងអមដំណើរសម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែសម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលបានមកបំពេញទស្សនកិច្ចកម្ពុជាត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងការសំណេះសំណាលនោះដែរ សម្ដេចក្រឡាហោមក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងឱកាសនោះដែរ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម បានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះជាប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល៕ ល