ដោយ: ចាន់ ថន / ព្រៃវែង: លោកអ្នកពិតជាបានដឹងនិងស្គាល់ហើយ «តំបន់ចុងប៉មមាត់ទន្លេនៅមុខសាលាខេត្តព្រៃវែង» ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បច្ចុប្បន្នក្រុមហ៊ុនសំណង់ផ្ទះល្វែង «ឈ្នះឈ្នះ» កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា៖ សណ្ឋាគារ. សួនកម្សាន្ត. ផ្សារព្រៃវែងថ្មី. សួនកុមារ. សួនកម្សាន្ត. ផ្ទះល្វែង. ភោជនីយដ្ឋាន. ហាងកាហ្វ. ផ្លូវថ្នល់. ជាដើមល។ល។
ដែលការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បន្ទាប់ពីខាងក្រុមហ៊ុនទទួលសិទ្ធវិនិយោគ លើផ្ទៃដីចំនួន១៥ហិកតា ពីសាលាខេត្តព្រៃវែង និងបានទិញដីពង្រីកបន្ថែមទៀត ដែលមានទំហំសរុបជាង២០ហិកតា ចំណាយដើមទុនជិត២០លានដុល្លារ។
តំណាងក្រុមហ៊ុនបានថ្លែងនៅថ្ងៃទី៨វិច្ឆិកាថា ដោយក្រុមហ៊ុន មើលឃើញថានៅក្នុងខេត្តព្រៃវែង នៅមានដីទំនេរជាច្រើន ដែលមានអំណោយផល ល្អសម្រាប់ការអភិវឌ្ឍផ្នែកអចលនទ្រព្យ។ ដោយសារប្រជាពលរដ្ឋនៅទីនេះ កំពុងមានជីវភាពធូរធារ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការខ្ពស់។ ដូចនេះក្រុមហ៊ុនបានពង្រីក និងអភិវឌ្ឍរបៀបរស់នៅបែបស៊ីវីល័យ និងផាសុខភាពបង្កើន ការងារជូនពលរដ្ឋតាមស្ថានភាពជាក់ស្ដែង។
ពោលគឺក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» មានបំណងមកអភិវឌ្ឍ កែប្រែដីទាំងទីនេះ ឱ្យមានការអភិវឌ្ឍរីកចម្រើន។ មានសោភ័ណភាព ផាសុខភាព និងកន្លែងលម្ហែ ឲ្យសាកសម ទៅនឹងតម្រូវការពលរដ្ឋ។ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ដូចជា៖ ការសាងសង់ផ្សារ សណ្ឋាគារ ផ្ទះល្វែង លំនៅឋានបែបប្រណីត ភោជនីយដ្ឋាន ហាងកាហ្វេ សួនកម្សាន្ត និងផ្លូវភ្លោះ ផ្លូវថ្នល់ ជាដើម។
ក្រៅពីការទទួលបានប្រាក់ចំណេញខ្លះ គឺក្រុមហ៊ុនមានបំណងចូលរួមជួយអភិវឌ្ឍន៍។ ជួយលើកស្ទួយមុខមាត់ខេត្តព្រៃវែង និងជួយបង្កើនជីវភាព និងការរស់នៅរបស់ពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ និងសន្តិភាព។
ក្រុមហ៊ុនបញ្ជាក់ថា៖ បច្ចុប្បន្នខ្លួនចាក់ដីបាន៨០% ការធ្វើផ្សារបាន២០% ដែលអាចឱ្យអាជីវករចូលលក់ដូរ នៅឆ្នាំ២០២១នេះ រីឯស្តង់ក៍ធ្វើបាន៨០%ដែរ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងថា៖ គិតមកដល់ពេលនេះ ពលរដ្ឋនៅក្នុងក្រុងព្រៃវែង មានចំនួនរហូតជាង៣០.០០០នាក់ហើយ។ ខណៈតម្រូវការកាន់តែខ្ពស់ ហើយផ្សារក្រុងព្រៃវែងចាស់វាចង្អៀត។ ទើបក្រុមហ៊ុន«ឈ្នះឈ្នះ» បានធ្វើការអភិវឌ្ឍនៅមុខចុងប៉មមាត់ទន្លេ ដោយមានសួនកម្សាន្ត កន្លែងហាត់ប្រាណ បរិភោគ កន្លែងលក់ដូរ ដើម្បីបង្កើនការងារដល់ពលរដ្ឋនិងអាជីវករ ជាជាងធ្វើការចំណាកស្រុក ។ ក្នុងនោះលោកអភិបាលខេត្ត បានចាត់ទុកថា៖ អភិវឌ្ឍរបស់ក្រុមហ៊ុនសំណង់«ឈ្នះ ឈ្នះ»នៅពេលនេះ គឺជាការរួមចំណែកក្នុងលើកស្ទួយមុខមាត់ខេត្តព្រៃវែងផងដែរ៕ ល