Home ព័ត៌មានជាតិ សន្តិសុខ វិល​ពី​ចូលរួម...

វិល​ពី​ចូលរួម​បុណ្យសព ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្កាន់ដៃស្ពាន ធ្លាក់​ចុះក្រោម​ស្លាប់

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ក​ម្លោះ​ចាស់​ម្នាក់ ខណៈ​ដែលមាន​ជម្ងឺ​ប្រចាំកាយ សតិ​មិន​ប្រក្រតី សង្ស័យ​ហូប​ស្រា ទើប​រើ​ធ្វើទុក្ខ ជិះ​ម៉ូតូ​បោះពួយ​ល្បឿន​លឿន វិលត្រឡប់​មកពី​បុណ្យសព​សាច់ញាតិ បែ​ជា​យក​ចង្កូត​មិនទាន់ ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន ធ្លាក់​ចុះក្រោម​ស្លាប់ អស់​រយៈពេល​មួយ​យប់ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​៥២ ចំណុច​ស្ពាន​ខ្ចៅ ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ទូច ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ក​ម្លោះ​ចាស់ ហើយ​មាន​ជម្ងឺ​ប្រចាំកាយ សតិ​មិន​ប្រក្រតី ពុំមាន​ធ្វើ​ការងារ​អ្វី​កើត រស់ក្នុង​បន្ទុកគ្រួសារ មាន​ឪពុក​ឈ្មោះ ឃី ទូច អាយុ​៦៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ម្តាយ​ឈ្មោះ ស្រី មួយ​ហៀ​ង អាយុ​៦៤​ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​អ​ញ្ចែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-7043 ជា​មធ្យោបាយ​។​

​មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ គាត់​និង​ប្តី បាន​ចាកចេញ​ទៅលេង​ផ្ទះ​ក្នួ​យ​នៅឯ​ខេត្តកំពង់ឆ្នាំង ចំណែក​កូនប្រុស​(​សព​) នៅ​ព្រលប់​ថ្ងៃទី​០៧ ក៏បាន​ជិះ​ម៉ូតូ ស្កុប​ពី ទៅ​ចូលរួម​បុណ្យសព បងប្អូន នៅក្នុង​ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល ហើយ​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល គាត់​បាន​ទូរស័ព្ទ​សួរ​កូន​ដែរ ប្រញាប់​ទៅ​មើល​ផ្ទះ កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក លុះដល់​វេលា​ម៉ោង​៨​យប់ បន្ទាប់មក ទូរស័ព្ទ​ចុច​ចូល តែ​មិន​លើក នឹកថា​កូន​ដល់ផ្ទះ​ហើយ ដេក​សម្រាក ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៨ នេះ សមត្ថកិច្ច ទូរស័ព្ទ​សាកសួរ ប្រាប់ថា​កូនប្រុស ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ក្រោម​ស្ពាន​ទៅវិញ​។​

​សព​ជនរងគ្រោះ បើតាម​ការពិនិត្យ​ជាក់ស្តែង និង​សាកសួរ ព័ត៌មាន ពី​ក្រុមគ្រួសារ សមត្ថកិច្ច​សន្និដ្ឋាន ជនរងគ្រោះ ខណៈ​ដែលមាន​ជម្ងឺ​ប្រចាំកាយ លុះ​ហូប​ស្រា ទើប​ជម្ងឺ​រើ​ធ្វើទុក្ខ ជិះ​ម៉ូតូ​លឿន ដល់​ចំណុច​ផ្លូវ​កោង គ្រប់គ្រង​ខ្លួនឯង​មិនបាន ជ្រុល​បុក​បង្កាន់ដៃស្ពាន ធ្លាក់​ចុះទៅ​ក្រោម តាំងពី​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា​ម្លេះ តែ​គ្មាន​អ្នកណា​ដឹង ឃើញ ទម្រាំ​តែ​ដឹង ឃើញ ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ ម៉ូតូ ខ្ទេច​មួយ​កំណាត់​មុខ ស្លាកស្នាម គល់ស្ពាន បាក់ ដាច់​មែកឈើ ពោល​ជនរងគ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន ដោយ​ខ្លួនឯង​។​

​សព​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ កោសល្យវិច័យ ស្លាកស្នាម​រួច ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅ​តំកល់​ធ្វើបុណ្យ នៅ​វត្ត​ទ្រនំ​ជ្រឹង ក្បែរ​កន្លែងកើតហេតុ​តែ​ម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​រុស្សី​ប្តេជ្ញា...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...