ដោយៈចាន់តូ/ភ្នំពេញ: បុរស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស LX-570 ពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1R-9870ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការ ប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត ឡិចស៊ីសLX-570 ពណ៌ខ្មៅ ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Y-5455 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ឆ្លងទៅផ្លូវព្រះសីហនុ ក្នុងទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕