ដោយៈ គង់ហេង / កំពង់ចាមៈ ប្រជាពលរដ្ឋ ជាអ្នកប្រកបរបរ ដាំស្វាយកែវរមៀត នៅស្រុកកងមាស បានត្អូញត្អែរ ពីតម្លៃផ្លែ ស្វាយកែវរមៀត បានធ្លាក់ថ្លៃ ស្ទើររាល់ថ្ងៃពោល គឺធ្លាក់ចុះប្រមាណ ៧០ ភាគរយ នៃទិន្នផលសរុបប្រមាណ ២០០ តោន ក្នុងមួយថ្ងៃ ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ បើប្រៀបធៀប រយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ នោះ។
ជាមួយនោះ តាមរយៈកាសែតរស្មីកម្ពុជា កសិករ ជាអ្នកប្រកបរបរ ដាំដំណាំកសិកម្ម មួយប្រភេទនេះ បានសំណូមពរ ដល់អាជ្ញាធរ ជាសមត្ថកិច្ច ជំនាញទាំងអស់ មេត្តាជួយស្តារទីផ្សារ ឱ្យតម្លៃបានប្រសើរឡើងវិញ ពិសេសកសិករ ជាអ្នកជួលដើមស្វាយ ដើម្បីយកមកថែរក្សា ឱ្យចេញផ្កាផ្លែ កំពុងតែខ្វាយខ្វល់ ក្នុងការចំណាយថវិកា អស់ច្រើន ទិញជី និងថ្នាំ មានតម្លៃថ្លៃ គឺទទួលទិន្នផលទាប និងលក់បានតម្លៃថោកទៀត។
ប៉ុន្តែជុំបញ្ហាប្រឈម ខាងលើ មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងកសិកម្ម ខេត្តកំពង់ចាម បានស្នើឱ្យកសិករ ជាអ្នកដាំដំណាំស្វាយ មានផ្ទៃដីសរុបជិត ៤.០០០ ហិកតា ចូលរួមសហការគ្នា ចងក្រងបង្កើតជាសមាគម គឺប្រយោជន៍ ដើម្បីងាយស្រួល ទទួលបានព័ត៌មានតម្លៃទីផ្សារ ពិតប្រាកដប្រចាំថ្ងៃ ហើយបញ្ហាតម្លៃផ្លៃស្វាយ ចុះ គឺបញ្ហាសកលជំងឺកូវីដ.១៩។ ចំណែកបញ្ហាតម្លៃជី និងថ្នាំ ប្រើប្រាស់ ក្នុងការធ្វើឱ្យទទួលបាន ទិន្នផលផ្លែស្វាយខ្ពស់ កាត់បន្ថយការចំណាយថវិកាច្រើន និងមិនផ្សងព្រេងនោះ គឺសូមឱ្យកសិករ ម្ចាស់ចម្ការស្វាយទាំងអស់ ដាក់ពាក្យចូលរួម វគ្គបណ្តុះបណ្តាល មកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ស្ត្រីវ័យ ៦០ ឆ្នាំ ឈ្មោះ វ៉ុន ហ៊ាន់ និងកូនប្រុស ដែលកំពុងរង់ចាំម្ចាស់ស្តង់ ប្រមូលទិញផ្លែស្វាយ នៅឃុំអង្គរបាន ស្រុកកងមាស បាននិយាយ ទាំងទឹកមុខស្រពោន នាពេលថ្មីៗនេះថាៈ ឆ្នាំ២០២០នេះ គឺផ្លែស្វាយកែវរមៀត ធ្លាក់ចុះទាំងតម្លៃ និងទិន្នផល គឺគ្រួសារអ្នកស្រី មានចម្ការស្វាយ ចំនួន ៣០០ ដើម មានអាយុ ប្រាំបី ឆ្នាំ លក់បានប្រាក់សរុប ចំនួន ប្រាំមួយលាន រៀល ថយចុះ ជាងកាលពីឆ្នាំ២០១៩ ចំនួនពីរលានរៀល ដោយមួយគីឡូក្រាម ផ្លែស្វាយលក់បានតម្លៃ ចំនួន ៤០០ រៀល ខណៈកាលពីឆ្នាំ២០១៩ មួយគីឡូក្រាម ពី ៩០០ ទៅ ១.២០០ រៀល។
អ្នកស្រី វ៉ុន ហ៊ាន់ បានបន្តថាៈ រីឯផលផ្លែស្វាយ ចេញពីចំនួន ៣០០ ដើម ស្មើគ្នាឆ្នាំនេះ បានតែទម្ងន់ បួនតោន គឺទាបជាង កាលពីឆ្នាំមុន ២០១៩ ចំនួន ៥០ ភាគរយ។ ដោយស្ថិតក្នុងស្ថានភាព អាក្រក់បែបនេះ គ្រួសារអ្នកស្រី បានពិភាក្សាគ្នា ទំនងជាផ្អាក ផលិតផ្លែស្វាយ ជាបណ្តោះអាសន្ន។ ប៉ុន្តែអ្នកស្រី បានសំណូមពរ ឱ្យអាជ្ញាធរ ជួយរកទីផ្សារ និងសុំឱ្យមន្ត្រីជំនាញ ជួយបណ្តុះបណ្តាល ពីបច្ចេកទេស ធ្វើឱ្យចេញផ្កាផ្លែ មួយឆ្នាំ បី ដង ទទួលបានទិន្នផលខ្ពស់។
ចំណែកស្ត្រីម្នាក់ទៀត ឈ្មោះ ពឹង វណ្ណៈ ដែលជួលចម្ការស្វាយ ចំនួនប្រាំមួយកន្លែង ចំនួន ១.០០០ ដើម នៅក្នុងឃុំអង្គរបានដែរ កំពុងយកផ្លែស្វាយ មកលក់ បាននិយាយថាៈ អ្នកស្រី និងប្តី បានប្រកបមុខរបរ ជួលដើមស្វាយ យកមកថែបំប៉ន ឱ្យចេញផ្កាផ្លែនេះ ចំនួន បី ឆ្នាំហើយ ដោយក្នុងមួយឆ្នាំ ចំណាយលើការជួលដើម ប្រមាណ មួយម៉ឺន ដុល្លារអាមេរិក និងចំណាយលើជី និងថ្នាំ សម្រាប់ការថែបំប៉ន ប្រមាណ ២០ លានរៀល ស្មើនឹង ៥.០០០ ដុល្លារបន្ថែមទៀត។
ស្ត្រីវ័យ ៣៩ ឆ្នាំ រូបនេះ បានឱ្យដឹងទៀតថាៈ មុខរបរនេះ រយៈពេល ពីរ ឆ្នាំដំបូង បានចំណេញ អាចទប់ទល់បាន។ ប៉ុន្តែឆ្នាំ២០២០ ដោយវិបត្តិជំងឺកូវីដ.១៩ និងបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ជោកជាំ នាចុងរដូវនេះ បណ្តាល តម្លៃផ្លែស្វាយកែវរមៀត ប្រឈមបញ្ហាតម្លៃ ធ្លាក់ចុះខ្លាំង និងទិន្នផលថយចុះ បង្ខំឱ្យប្រើជី និងថ្នាំច្រើន ។
បុរសឈ្មោះ ង៉ ធៀម ជាអ្នកប្រមូលទិញ ផ្លែស្វាយធំជាងគេ នៅស្រុកកងមាស បានប្រាប់នៅថ្ងៃទី៧ វិច្ឆិកាថាៈ តម្លៃផ្លែស្វាយ នៅថ្ងៃនេះ ធ្លាក់ចុះជាង ថ្ងៃទី ៦ វិច្ឆិកា ៥០ រៀល បន្ថែមទៀត ក្នុងមួយគីឡូក្រាម គឺលេខ១ ផ្លែស្អាតល្អ តម្លៃ ៧៥០ រៀល និងលេខ២ ផ្លែមានស្នាមប្រឡាក់ តម្លៃ ៣៥០ រៀល។ ប៉ុន្តែតម្លៃនេះ បានធ្លាក់ចុះប្រហែល ៧០ ភាគរយ បើប្រៀបធៀប កាលពីឆ្នាំមុន ២០១៩។ ការធ្លាក់ចុះតម្លៃ គឺបណ្តាលមកពី បញ្ហាជំងឺកូវីដ.១៩ ជាបញ្ហាសកលតែម្តង។
បុរសអាយុ ៤២ ឆ្នាំរូបនេះ បានបន្តថាៈ តម្លៃផ្លែស្វាយ យើងទទួលបានព័ត៌មាន ពីតំបន់ព្រំដែន ប្រទេសវៀតណាម និងប្រទេសថៃ។ ផ្លែស្វាយកែវរមៀត ដែលនាំចេញពី ស្រុកកងមាស ប្រមាណ ២០០ តោន ក្នុងមួយថ្ងៃ គឺក្នុងនោះ សម្រាប់ស្តង់របស់លោក ស្ថិតក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ប្រហែល ៥០ តោន ហើយនាំទៅលក់ នៅប្រទេសវៀតណាម ប្រមាណ ៨០ ភាគរយ និងប្រទេសថៃ ប្រហែល ២០ ភាគរយ។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី ៧ វិច្ឆិកាថាៈ បញ្ហាចម្បង បណ្តាលឱ្យទីផ្សារ ស្វាយកែវរមៀត ធ្លាក់ថ្លៃ គឺវិប្បត្តិជំងឺកូវីដ.១៩ ដោយយើងមិនអាចនាំ ផលិតផលមួយនេះ ឆ្លងក្រៅប្រទេស បានស្រួល ដូចកាលពីមិនទាន់ មានជ្ទុះជំងឺនេះ។ ម្យ៉ាងទៀត ដោយការផលជោរជន់ខ្លាំងពេក ដែលកត្តានេះ ទាមទារឱ្យដំណាំស្វាយ បង្កើតជាសមាគម អាជីវកម្មស្វាយ។
លោកប្រធានមន្ទីរ បានបន្តថាៈ ករណីយើងបង្កើតសមាគម អាជីវកម្មស្វាយបានហើយ គឺយើងចាប់ផ្តើមបង្កើត ផែនការដាំដុះ និងប្រមូលផល ពិសេសសមាជិកសមាគម ងាយនឹងទទួលបានព័ត៌មាន ពីតម្លៃស្វាយប្រចាំថ្ងៃ។
លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី ៨ វិច្ឆិកាថាៈ យើងកំពុងគាំទ្រលើ ផលិតកម្មដំណាំ ស្វាយកែវរមៀត និងដំណើរការទីផ្សារ លើដំណាំកសិកម្មមួយនេះ ដល់សហគមន៍ កសិកម្មពន្លកថ្មី ដែលមានទីតាំង ស្ថិតនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។
លោកបានបន្តថាៈ ក្នុងការគាំទ្រនេះ យើងបានអនុវត្ត គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន ដែលជាគម្រោង បានជួយបង្កើនផលិតភាព នៃដំណាំស្វាយកែវរមៀត។ ជាការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាព សម្រាប់ស្តុកផលិតផល និងដំណើរការធ្វើ់តេស្តគុណភាព សុវត្ថិភាព និងលើកកម្ពស់ ការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ និងថាមពល កកើតឡើងវិញ តាមរយៈការសាងសង់ ឡជីវឧស្ម័ន ដល់អ្នកទទួលផល ក្នុងខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ដំណាំស្វាយហូបផ្លែ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០ របស់មន្ទីរកសិកម្មខេត្តនេះ មានផ្ទៃដីដាំដុះ សរុបចំនួន ៣.៩៤០ ហិកតា ក្នុងនោះ ផ្ទៃដីកំពុងប្រមូលផល ជាមធ្យម ១៩,៦០ តោន ក្នុងមួយហិកតា នៃផ្ទៃសរុបចំនួន ៣.២០០ ហិកតា គឺស្រុកកងមាស មានផ្ទៃដីដំណាំស្វាយ ច្រើនជាងគេ ប្រមាណជាង ១.០០០ ហិកតា និងក្រុងកំពង់ចាម មានតិចជាងគេ ចំនួន ប្រាំបួន ហិកតា៕/V