ដោយៈវិវឌ្ឍន៍/ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងស្ថានភាព ជម្ងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២០ នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០២នាក់ និងមិនមានករណីជាសះស្បើយ។
ករណីវិជ្ជមានវីរុសកូវី-១៩ ចំនួន០២នាក់ គឺបុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល និងបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ពួកគាត់ទាំងពីរនាក់បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសក្ខវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថាតាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិខ្មែរពីរនាក់ ពេលមកដល់កម្ពុជា បានធ្វើតេស្តលើកទី១ ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត និងម្នាក់ទៀតបានជាសះស្បើយ។ រីឯអ្នកដំណើរចំនួន៣៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះត្រូវបានដាក់ឲ្យធ្វើ ចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ០២កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ២៨នាក់) និងនៅវិទ្យាល័យពោចិនតុងចំនួន ០៧នាក់។ ដូច្នេះ អ្នកដំណើរដែលនៅវិទ្យាល័យពោធិ៍ចិនតុងចំនួន ០៧នាក់ដែលមានហានិភ័យក្នុងការចម្លងបន្តពីអ្នកជំងទាំងពីរនាក់ខាងលើនេះ តម្រូវឲ្យនៅបន្តធ្វើចត្តាឡីស័កចំនួន១៨ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត៕ R