ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​ថា ខួប​ទី​៦៧ នៃ​ការទទួលបាន​ឯករាជ្យភាព​ពេញលេញ​របស់​កម្ពុជា​។ ឯករាជ្យភាព​នេះ មិនមែន​មានន័យ​ត្រឹមតែ​ជា​ពាក្យ​ពេ​ច​ន៏ ពំនោល និង​ការចងចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ន័យ​បី​ចំណុច​។​


​ផេ​ក​បញ្ជាក់ថា​១.​ជា​របត់​ដែល​កម្ពុជា​អាច​ដណ្តើមបាន​មកវិញ​ដោយ​ជោគជ័យ​នូវ​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​របស់​ប្រទេសជាតិ ដោយ​ខ្មែរ​ខ្លួនឯង​។ សិទ្ធិ​សម្រេច​នេះ សំដៅ​ទៅលើ​ឯករាជ្យ អធិបតេយ្យ ការមិន​អនុញ្ញាតអោយ​ប្រទេស​ណា​មក​បញ្ជា ណែនាំ ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស និង​ជាពិសេស​នយោបាយ​ក្នុងប្រទេស ទោះ​តាម​រូបភាព​ណាក៏ដោយ​។ យើង​មិន​ទទួលយក​ជាដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​សូម​ថែរក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​ដោយ​សមាមាត្រ ទាំង​សិទ្ធិ​ការពារ​ខ្លួន​ក្នុងនាម​ជា​ប្រទេស​អធិបតេយ្យ​។​
២. ជា​មោទនភាព ដែល​កម្ពុជា​ខ្លួនឯង អាច​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ​ចេញពី​បាទ​ដៃទទេ មកដល់​ថ្ងៃនេះ ក្រោម​ការដឹកនាំ​មួយ​ដ៏​ហ្មត់ចត់ និង​ច្បាស់លាស់ ជាមួយនឹង​ភាព​ទទួលខុសត្រូវ ការលះបង់ និង​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។ យើង​ក៏​មិន​ភ្លេច​មិត្ត និង​ដៃគូ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុងដំណាក់កាល​ដែល​យើង​ពិបាក​នោះទេ តែ​ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវ​ចាំ​ថា យើង​ត្រូវ​ចេះ​ជួយ​ខ្លួនឯង ខំប្រឹង​ដោយ​ខ្លួនឯង សម្រេច​ជោគជ័យ​ដោយ​ខ្លួនឯង​ផ្អែកលើ ស្មារតី “​ជឿថា​ខ្មែរ​ធ្វើបាន​”​។ យើង​សម្រេចបាន​ច្រើនណាស់​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​រយៈពេល​ជាង​៤០​ចុងក្រោយ និង​ជាពិសេស រយៈពេល​២០​ឆ្នាំក្រោយ​នយោបាយ​ឈ្នះ ឈ្នះ ប៉ុន្តែ​ការងារ​ដែល​ត្រូវបំពេញ​សម្រាប់​អនាគត​កម្ពុជា ដូច​ចែង​ក្នុង​ទស្សន​: 3C នៅមាន​ច្រើន​ទៀត​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​២០៥០​។​


៣. ជា​គុណបំណាច់​នៃ​សន្តិភាព​។ “​អរគុណ​សន្តិភាព​”
​សំដៅលើ​គុណ​តម្លៃ និង​អត្ថន័យ​នៃ​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ ប្រទេស​ដ៏​កម្សត់​របស់​យើង​បាន​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់​ផ្ទៃក្នុង ដែល​មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ ស្តែង​ចេញពី​កត្តា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ជាពិសេស​ក្នុងដំណាក់កាល​សង្គ្រាមត្រជាក់​។ ក្នុងនោះ យើង​ក៏​មិនគួរ​ភ្លេច​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដែល​ធ្វើឡើង​ដោយ លន់ នល់ ការស្លាប់​របស់​ប្រជាជន​ខ្មែរ​ស្លូតត្រង់​រាប់លាន​នាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម និង​ចុងក្រោយ​គឺ​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ក្នុង​ទសវត្សរ៍​៨០​។ ប៉ុន្តែ​ចេញពី​កត្តា​ទាំងនេះ យើង​បាន​យក​ជីវិត​ធ្វើជា​ដើមទុន ខំប្រឹង​ក្រោកឈរ​ដោយ​លំបាក ហើយ​តាមរយៈ​ពលិកម្ម និង​ការលះបង់​គ្រប់បែបយ៉ាង យើង​បាន​រំដោះជាតិ បង្រួបបង្រួម​ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​មកដល់​ថ្ងៃនេះ ដែល​នេះ​ជា​អ្វីដែល​យើង​មាន​មោទនភាព និង​ជា​មូលដ្ឋាន​នៃ​ការ​ជឿជាក់ថា “​ខ្មែរ​ធ្វើបាន​”​។ ដូច្នេះ​យើង​គួរ​មាន​មោទនភាព​ចំពោះ​សន្តិភាព​ដែល​យើង​សម្រេចបាន​សម្រាប់​ប្រទេស និង​ប្រជាជន​ដោយ​លំបាក​នេះ​៕​សរន