ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធខួបលើកទី៦៧ នៃទិវាឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣- ២០២០ និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យ ក្នុងការរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រា របស់អាណានិគមនិយមបារាំង ។
ទិវានេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួម ពីព្រះមេគណខេត្ត មន្ត្រីសង្ឃខេត្ត និងអញ្ជើញចូលរួមពី លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានអានសន្ទរកថា ស្តីពីប្រវត្តិសង្ខេប ព្រះរាជបូជនីយ៍កិច្ច ទាមទារឯករាជ្យ នៅកម្ពុជា ដោយរំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំរបស់ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងខ្លាំងក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជាតិ អោយប្រទេសកម្ពុជា បានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ច មិនអាចបំភ្លេចបាន នូវគុណូបការៈ ដ៏ថ្លៃថ្លា របស់វីរៈយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ទិសទី ដែលបានពុះពារ ប្រយុទ្ធតស៊ូ ធ្វើពលីកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាម គ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែក យ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕/V