Home ព័ត៌មានអន្តរជាតិ ត្រាំ មិន​ទទួ...

ត្រាំ មិន​ទទួលស្គាល់​បរាជ័យ ហើយ​ឥឡូវ​កំពុង​រិះរក​វិធី​តស៊ូ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​ដូណាល់ ត្រាំ​មិន​ទទួលស្គាល់​បរាជ័យ​នោះឡើយ​។ ប៉ុន្តែ​គាត់​ឥឡូវ​កំពុង​ប្រឈម​មុខ​នឹង​ជម្រើស​ផ្ទុយស្រឡះ​មួយ ពេល​ដែល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន ឈ្នះ​តំណែង​នៅ​សេត​វិមាន ពោលគឺ​ត្រូវ​ចុះ​ចេញ​ដោយ​កិត្តិយស​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ ឬ​មិន​អ៊ីចឹង​ត្រូវគេ​អូស​ចេញពី​សេត​វិមាន​។​

​បន្ទាប់​ពី​ការរាប់​ឆ្នោត​៤​ថ្ងៃ​ដ៏​អន្ទះអន្ទែង​បានផ្តល់​ជ័យជម្នះ​ដល់​លោកបៃ​ដិន លោក​ត្រាំ​នៅ​តែ​ទទូច​ថា​ការបោះឆ្នោត​នៅ​មិនទាន់​ចប់​។ លោក​បាន​ធ្វើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា​ការបោះ​​ឆ្នោត​មិន​ត្រឹមត្រូវ​និង​សន្លឹកឆ្នោត “​ខុសច្បាប់​” ត្រូវ​បាន​រាប់ សន្យា​ចាត់វិធានការ​ផ្លូវច្បាប់ និង សរសេរ​បង្ហោះ​ជា​ហូរហែ​លើ Twitter ប្រកាស​ថា​គាត់​ឈ្នះ​ឆ្នោត​ដោយ​សំឡេង​ច្រើន​ដាច់​ឆ្ងាយ​ណាស់​។

​ខណៈ​ដែល​មនុស្ស​មួយចំនួន​នៅក្នុង​រង្វង់​ដឹកនាំ​របស់​គាត់​លួច​អង្វរ​លោក​ត្រាំ​ឱ្យ​ទទួលស្គាល់​បរាជ័យ​ដោយ​កិត្តិយស​សម្ព័ន្ធមិត្ត​ជាច្រើន​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​គាត់​រួម​ទាំង​មនុស្ស​នៅ​​វិមាន​កា​ពី​តូ​ល​(​សភា​អាម៉េរិក​)​ផង​នោះ​កំពុង​ជំរុញ​គាត់​ឬ​ផ្តល់​ការលើកទឹកចិត្ត​ដល់​គាត់​កុំ​ឱ្យ​ទទួលស្គាល់​បរាជ័យ​នេះ​។

​ព្រឹទ្ធ​សមាជិក​នៅ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងត្បូង លោក លីន​ស៊ី ហ្គ្រា​ហាំ បាន​ប្រកាស​នៅ​លើ​កម្មវិធី “Sunday Morning Futures” លើ​កញ្ចក់​ទូរទស្សន៍ Fox News ថា “​លោក​ត្រាំ​មិន​បាន​ចាញ់​នោះទេ​”​។ លោក​បាន​ទទូចថា “​កុំ​ទទួល​ស្គាល់​បរាជ័យ​លោក​ប្រធានាធិបតី សូម​ប្រឹងប្រែង​តស៊ូ​”​។​

​យោង​តាម​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក​ត្រាំ​បានឱ្យដឹងថា លោក​នឹង​មិន​ទទួលស្គាល់​បរាជ័យ​ជា​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ទំនងជា​នឹង​ចាកចេញ​ពី​សេត​វិមាន​ទាំង​ចងគំនុំ​នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​របស់​គាត់​។ ការខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​គាត់​ក្នុងការ​លាប​ពណ៌​ការបោះឆ្នោត​ថា​អយុត្តិធម៌​ត្រូវគេ​មើលឃើញថា​ជា​ការខិតខំ​ដើម្បី​សម្រាល​ការបាក់​អំណួត​របស់​គាត់​និង​ដើម្បី​បង្ហាញ​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​​របស់​គាត់​ថា​គាត់​នៅតែ​កំពុង​តស៊ូ​។ នោះ​អាច​ជា​គន្លឹះ​ក្នុងការ​ធ្វើ​ឱ្យ​ពួកគេ​មាន​ថាមពល​សម្រាប់​អ្វី​ដែល​អាច​នឹង​កើតឡើង​បន្ទាប់​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ត្រាំ គឺ​លោក​ឡា​រី ឃូដ​ឡូ​វ បាន​និយាយថា “​គាត់​មានបំណង​តស៊ូ​” ខណៈ​វា​មើល​ទៅ​កាន់តែ​ច្បាស់​ថា ប្រធានាធិបតី​បាន​បរាជ័យ​ទៅហើយនោះ​។​

​មិត្តភក្តិ​និង​ជា​ទីប្រឹក្សា​យូរអង្វែង​របស់​លោក​ត្រាំ​លោក រ៉ូ​ជើ ស្តូន ដែល​ការកាត់ទោស​ជាប់​ពន្ធនាគារ​របស់គាត់​ត្រូវបាន​បន្ធូរបន្ថយ​ដោយ​លោក​ត្រាំ​កាលពី​ខែ​កក្កដា បាន​និយាយថា តើ​លោក​ត្រាំ​នឹង​ចុះចាញ់​ទេ​? “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​”​។ ជា​លទ្ធផល លោក​ស្តូន​អះអាងថា “​លោកបៃ​ដិ​ននឹង​កាន់តំណែង​ប្រធានាធិបតីទាំងមិ​ន​ស្រណុកចិត្ត​” ព្រោះ​ប្រជាជន​ពាក់កណ្តាល​ប្រទេស​ជឿ​ថា​គាត់​ជាប់ឆ្នោត​ដោយ​ខុសច្បាប់​។​

​ពួក​សម្ព័ន្ធមិត្ត​បាន​លើកឡើង​ថា ប្រសិន​បើ​លោក​ត្រាំ​ចង់​បង្កើត​ចក្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ គាត់​នឹង​មាន​ការលើកទឹកចិត្ត​ដើម្បី​បន្ត​និយាយ​អំពី​រឿង​បោះឆ្នោត​អយុត្តិធម៌​នេះ​។ ដូចគ្នា​នេះ​ផង​ដែរ ប្រសិនបើ​គាត់​មានបំណង​ចង់​វិលត្រឡប់​ទៅរក​ការបោះឆ្នោត​ឆ្នាំ​២០២៤​ម្តងទៀត គាត់​នឹងមាន​អាយុ​លើ​ស​លោកបៃ​ដិន​ឥឡូវ​នេះ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​៕

​លោក​ត្រាំ​កំពុង​លេង​កូន​ហ្គោល​កាលពី​ថ្ងៃ​សៅរ៍ ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកាស​លោក​បៃដិនជា​ប្រធានាធិបតី​ថ្មី​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular