ដោយៈ សរិទ្ធ / កណ្ដាលៈ យុវជនម្នាក់ បានយកកូនកាំបិត ចាក់នារីម្នាក់ ជាអតីតគូដណ្ដឹង បណ្ដាលឲ្យរងរបួសជាទម្ងន់ ព្រោះតែខឹងនឹងនារីរងគ្រោះ ផ្ដាច់ពាក្យ។ ក្រោយពីបានធ្វើសកម្មភាពរួចហើយ យុវជនរូបនេះ បានគេចខ្លួន ពីកន្លែងកើតហេតុ។ ករណីនេះ បានកើតឡើង កាលពីម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថាៈ យុវជន ជាជនដៃដល់ ឈ្មោះ រ៉ា បូរី ហៅ ទុយ អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក។ ចំណែកជនរងគ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ ។
ប្រភពដដែល បានបន្តថាៈ ជនសង្ស័យ និងជនរងគ្រោះ ជាអតីតគូដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់វាយធ្វើបាប ជនរងគ្រោះ ជាញឹកញាប់ផងនោះ ធ្វើឲ្យជនរងគ្រោះ ផ្តាច់ពាក្យវិញទៅ។ ក្រោយពីផ្ដាច់ពាក្យរួច ជនសង្ស័យ នៅតែមកទាក់ទង រំខានជនរងគ្រោះរហូត។ លុះនៅពេលកើតហេតុ ឪពុក បានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យ ចេញពីផ្ទះ ហើយណាត់ជួបគ្នា នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច តែនៅពេលដើរតាមផ្លូវ មិនទាន់បាននិយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួច ដែលលាក់ទុក ក្នុងចង្កេះខោ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំ បណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន។ ចំណែកជនសង្ស័យ បានបោះកាំបិតចោល ហើយរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ ដើមមៀន សហការជាមួយ កម្លាំងយុត្តិធម៌ ក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ និងជួយយកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យជ័យជំនះ។ រីឯជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ស្រាវជ្រាវ ដើម្បីបន្តស្វែងរកចាប់ខ្លួន យកមកចាត់ការ តាមនីតិវិធី៕/V