ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយជនជាតិចិន ម្នាក់ទៀត បានបើករថយន្ត ឆ្លងផ្លូវទៅបុកម៉ូតូ មួយគ្រឿង ជិះគ្នា ពីរនាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងកើតរង្វង់មូល ចោមចៅ ប្រមាណជាង ១០០ ម៉ែត្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនកើតហេតុ គេឃើញបុរសជនជាតិចិន ពីរនាក់ ជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8228 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង។ លុះមកដល់ចំណុចកែង ផ្លូវសហព័ន្ធរុស្ស៊ី ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HP-0107 ជិះដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើត ទៅខាងលិច ពេញទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូ ជាច្រើនម៉ែត្រ។ ចំណែកជនរងគ្រោះ ផ្លោងបោកនឹងថ្នល់ បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល។ ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះ យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា អស់រយៈពេលជាង ១ ម៉ោង ទើបខាងភាគីរថយន្ត បានចេញសំណង ទៅឲ្យខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង៕/V