ដោយៈប.ខុន/ភ្នំពេញៈវិសម្ពាធTDនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសដំណឹងកាលពីថ្ងៃទី៨ ខែវិច្ឆិកានោះ នៅព្រលឹមថ្ងៃទី៩ វិច្ឆិកានេះ បានក្លាយទៅជាកូនព្យុះទី២១ឈ្មោះអ៊ីតូ (ETAU) មានដំណើរទៅរកឆ្នេរក្រោមភាគកណ្តាលរបស់ប្រទេសវៀតណាម ដែលជាកន្លែងព្យុះពីរបីកន្លងទៅបានឆ្លងកាត់។ នេះជាការបញ្ជាក់ប្រាប់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋ លេខាធិការក្រសួងធនធានទឹកនិងឧតុនិយមដល់រស្មីកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកានេះ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាព្យុះទី២១នេះ មានដំណើរលឿន និងមានឥទ្ធិពលទឹកភ្លៀងដល់ប្រទេសកម្ពុជា នៅអំឡុងពីថ្ងៃទី១០-១២ ខែវិច្ឆិកា ។ នៅព្រមពេលជាមួយគ្នានឹងព្យុះទី២១ កំពុងរំកឹលមករកឆ្នេរប្រទេសវៀតណាមនេះ មានវិសម្ពាធTDថ្មីមួយយទៀតបានកកើតឡើង នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីន ដែលតាមការព្យាករវានឹងវិវត្តទៅជាព្យុះទីហ្វុងTY ហើយដើរចូលមក្នុងសមុទ្រចិនរកឆ្នេររបស់ប្រទេសវៀតណាមទៀត។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០បានប្រកាស ព័ត៍មានថានៅថ្ងៃទី៨ ខែវិច្ឆិកាវិសម្ពាធ (Tropical Depression) បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹមដោ យ បង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២១ឈ្មោះអ៊ីតូ ( ETAU) នៅថ្ងៃទី១០ខែ វិច្ឆិកាឆ្នាំ២០២០ ។ ព្យុះនេះនឹង ថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression)ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកទៅជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់លើភាគខាងកើត ប្រទេសកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណា ចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាពដូចជានៅរាជធានីភ្នំពេញនិងខេត្តនៅតំបន់ ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ខេត្តនៅតំបន់ មាត់សមុទ្រនឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីតិចទៅបង្គួរនិងរលកសមុទ្រមានកម្ពស់មធ្យម។
ក្រសួងបានអំពាវនាវដល់សាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់សូមបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕