កងការពារ​ព្រំដែន ៥០៣ បញ្ចប់​ការហ្វឹកហ្វឺន ការពារ​ព្រំដែន និង​បាញ់​គ្រាប់​ពិត​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កង​យោធា​ការពារ​ព្រំដែន ៥០៣ ខេត្តបន្ទាយមានជ័យ នៃ​យោធភូមិភាគ​ទី​៥ បានបញ្ចប់​ការហ្វឹកហ្វឺន ការពារ​ព្រំដែន និង​បាញ់​គ្រាប់​ពិត កាលពី​ថ្មីៗ​នេះ នៅ​ទីបញ្ជាការ កងការពារ​ព្រំដែន ៥០៣ ភ្នំ​ខ្លែង​ពណ៌ ស្ថិតក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោម​វត្តមាន​លោក ឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង នៃ​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ ទិស​ទី​១ បន្ទាយមានជ័យ​។ នេះ​បើតាម​មន្ត្រី​យោធា ទិស​ទី​១ បន្ទាយមានជ័យ នៃ​យោធភូមិភាគ​ទី​៥ បានអោយដឹង កាលពី​ថ្ងៃទី​៨ វិច្ឆិកា នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ កងការពារ​ព្រំដែន លេខ​៥០៣ ចំណុះ​យោធភូមិ​ទី​៥ បានលើកឡើង ពី​លទ្ធផល​នៃ​វគ្គ​នេះ ដែលមាន​បំណង​ពង្រឹង អោយ​កងកម្លាំង មាន​សមត្ថភាព និង​មានការ​ទទួលខុសត្រូវ​ជានិច្ច ទោះ​ពេលណា​ក៏ដោយ លើ​ការងារ​ការពារជាតិ​មាតុភូមិ បូរណភាព​ទឹកដី ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស​នោះដែរ ស្ត្រី​ជា​ភរិយា​អ្នកដឹកនាំ សប្បុរសជន​នានា បាន​ចែករំលែក​ថវិកា​តិចតួច ជូន​ដល់​នាយ នាយរង និង​ពលទាហាន ចំនួន​៦២​គ្រួសារ នៅ​ទីបញ្ជាការ កងការពារ​ព្រំដែន​៥០៣ របស់​យោធភូមិភាគ​ទី​៥ គឺ​ក្នុង​មួយ​គ្រួសារ ទទួល​ថវិកា ចំនួន ៥ ម៉ឺន​រៀល ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular