ដោយៈ សម្បត្តិ / ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាប្រឈម នៅចំពោះមុខ នៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើត កងយោធពលខេមរភូមិន្ន លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះ ចុះយុទ្ធនាការ ប្រមូល និងរើសសម្រាម និងបាញ់ទឹកសំអាត ផ្លូវជាតិលេខ១ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។
យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូល និងរើសសម្រាប់ លាងផ្លូវជាតិនេះ លោកអភិបាលខណ្ឌ បានណែនាំអោយមន្ត្រីក្រុមការងារ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត លើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ ។ លើសពីនេះទៀត ត្រូវប្រាប់ដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ និងតាមពេលវេលា ដែលបានកំណត់ ដើម្បីងាយស្រួល ដល់ក្រុមការងារ ប្រមូលសំរាម បានលឿន។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៍បានក្រើនរំលឹក អោយកងកម្លាំងគ្រប់ផ្នែក មន្ត្រីក្រុមការងារ គ្រប់ការិយាល័យ រួមទាំងលោកចៅសង្កាត់ ត្រូវចូលផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អោយបានទូលំទូលាយ ពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែង សុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាសកល ជាពិសេសត្រូវផ្សព្វផ្សាយ អោយបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តជាប់ជាប្រចាំ តាមការណែនាំ របស់ក្រសួងសុខាភិបាល។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ប្រមូលសំរាមថ្មី ចំនួន ៧០ គ្រឿង រួមជាមួយរ៉ឺម៉កប្រមូលសំរាម រាប់សិបគ្រឿង និងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តិការប្រមូលសំរាម ដើម្បីបញ្ចៀសកុំអោយ មានការកកស្ទះ ធ្វើអោយប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ក្នុងរាជធានីភ្នំពេញ ។
ដោយឡែក សំរាប់ខណ្ឌច្បារអំពៅ លោកអភិបាលខណ្ឌ បានដាក់ផែនការ អោយអាជ្ញាធរសង្កាត់ រួមសហការជាមួយ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕/V