ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសទី១ក្នុងលោកដែលមានអ្នកឆ្លងកូវីដ១៩ឡើងហួស១០លាននាក់ នេះបើតាមទិន្នន័យដែលសារព័ត៌មានរ៉យទ័រប្រមូលចងក្រងកាលពីថ្ងៃអាទិត្យ នៅពេលការផ្ទុះជំងឺនេះនៅរលកទី៣កំពុងវាយប្រហារអាម៉េរិក។
ព្រឹត្តិការណ៍ដ៏សោកសៅនេះកើតឡើងចំថ្ងៃដែលការឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកឡើងហួស៥០លាននាក់។
អាម៉េរិក បានរាយការណ៍អ្នកឆ្លងប្រមាណ១លាននាក់ក្នុងរយៈពេល១០ថ្ងៃមកនេះ ជាអត្រាឆ្លងខ្ពស់បំផុតបំផុតចាប់តាំងពីប្រទេសនេះបានរាយការណ៍ការឆ្លងដំបូងនៅរដ្ឋវ៉ាស៊ីនតោនកាលពី២៩៣ថ្ងៃមុន។ប្រទេសនេះបានរាយការណ៍ការឆ្លងចំនួន១៣១.៤២០នាក់កាលពីថ្ងៃសៅរ៍ និងជាង១០០.០០០នាក់ចំនួន៤លើកនៅ៧ថ្ងៃមកនេះ។
ឥឡូវ ជនជាតិអាម៉េរិកជាង២៣៧.០០០នាក់បានស្លាប់ដោយជំងឺកូវីដ១៩ ។
ប្រឈមនឹងវិបត្តិដ៏ឈឺក្បាលដូច្នេះ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកចូ បៃដិន បានសន្យាកាលពីថ្ងៃសៅរ៍ថា លោកនឹងចាត់ទុកការដោះស្រាយជំងឺឆ្លងនេះជាអាទិភាពកំពូល។លោកនឹងប្រកាសក្រុមការងារមានសមាជិក១២រូប នៅថ្ងៃចន្ទនេះដើម្បីមើលការខុសត្រូវដោះស្រាយកូវីដ១៩៕