ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ដើម្បីចូលរួមផ្តល់កម្លាំងចិត្ត ការលើកទឹកចិត្ត ការចែករំលែក និងការតបស្នង ដល់អាជ្ញាធរខេត្ត និងកងកម្លាំងទាំង ៣ ប្រភេទ ដែលបានចុះជួយពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ពិសេសគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរពីប្រទេសថៃនោះ លោក ប៊ូ សោភ័ណ និងលោកស្រី គង់ សោភា ម្ចាស់ភោជនីយដ្ឋាន និងហាងស៊ុប ប៊ូ សោភ័ណ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំស្បៀងអាហារ និងថវិកា មានតម្លៃជាង ១០ លានរៀល ទៅប្រគល់ជូនរដ្ឋបាលខេត្ត កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការប្រគល់ និងទទូលនោះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ កងប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ព្រមទាំងម្ចាស់ជំនួយ និងបុគ្គលិក នៃភោជនីយដ្ឋាន និងស៊ុប ប៊ូ សោភ័ណ។
ជំនួយសរុបរួមមានៈ អង្ករ ១៣០ ការុង (គុណ១៥គីឡូ ស្មើនឹង១.៩៥០ គីឡូក្រាម) ទឹកត្រី ៤០យួរ ទឹកស៊ីអ៊ីវ ៤០ យួរ មី៤៨កេសតូច ទឹកសុទ្ធ ២៥០យួរ ភេសជ្ជៈខារ៉ាបាវ ៨កេស និងថវិកា ចំនួន ៣.៦០០.០០០ រៀល។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស និងការចូលរួមពីលោក ប៊ូ សោភ័ណ និងលោកស្រី គង់ សោភា ម្ចាស់់ភោជនីយដ្ឋាន និងហាងស៊ុប ប៊ូសោភ័ណ ក្រុងសិរីសោភ័ណ ដែលបានបរិច្ចាគធនធាន ថវិកា មកផ្តល់ជូនដល់រដ្ឋបាលខេត្ត និងកងកម្លាំងទាំង៣ប្រភេទ នាពេលនេះ ហើយលោកបានសន្យាថា រដ្ឋបាលខេត្ត ក្រុមការងារ និងលោកផ្ទាល់ នឹងប្រើប្រាសជំនួយ សប្បុរសទាំងនេះ អោយចំគោលដៅ អោយមានប្រសិទ្ធភាពខ្ពស់៕/V