ដោយៈ សៅ វ៉ាន់ឌី/ព្រះវិហារៈ រដ្ឋបាលខេត្តខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធខួបលើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣_៩ វិច្ឆិកា ២០២០ និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រានៃអាណានិគមនិយមបារាំង ។ ទិវានេះប្រារព្ធឡើងក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកស្រី ដោយមានការនិមន្តចូលរួមពីព្រះមេគណ , មន្ត្រីព្រះសង្ឃ , លោកប្រធានតុលាការ, លោកព្រះរាជអាជ្ញាអម តុលាការខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី មន្ត្រីអង្គភាពជុំវិញខេត្ត មន្ត្រីកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើន កុះករ ។
ថ្លែងក្នុងពិធីនេះ លោក អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ នេះ គឺដើម្បីរំលឹកនូវព្រះរាជបេសកកម្មនៃការដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុព្រះមហាវរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។ ព្រះបរមរតនកោដ្ឋទ្រង់បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងខ្លាំង ខ្លាបំផុតតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជាតិឱ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង និងប្រកាសឯករាជ្យជាតិ នៅថ្ងៃ ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
លោក ប្រាក់ សុវណ្ណ ក៏បានអំពាវនាវដល់សមាជិកសមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើកទី៦៧នៃទិវាឯករាជ្យជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាព អោយបានគង់វង្ស ចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិថែមទៀត៕ R