ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ ជំទាវទីមួយរបស់សហរដ្ឋអាម៉េរិកលោកស្រី មេឡានៀ ត្រាំ បានសរសេរបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យទី៨វិច្ឆិកាថា”ប្រជាជនអាម៉េរិកសមនឹងទទួលបានការបោះឆ្នោតដោយយុត្តិធម៌” ដោយទាមទារឱ្យរាប់ឡើងវិញនូវអ្វីដែលលោកស្រីហៅថា “តែសន្លឹកឆ្នោតស្របច្បាប់” ដែលញ៉ាំងឱ្យមានរលកនៃការថ្កោលទោសពីអ្នកនិយមលេងអ៊ីនធឺណេត។
លោកស្រីមេឡានៀបានសរសេរថា “ប្រជាជនអាម៉េរិកសមនឹងទទួលបានការបោះឆ្នោតដោយយុត្តិធម៌។ រាប់តែសន្លឹកឆ្នោតស្របច្បាប់បានហើយ មិនមែនសន្លឹកឆ្នោតខុសច្បាប់នោះទេ។យើងត្រូវតែការពារប្រជាធិបតេយ្យរបស់យើងជាមួយតម្លាភាពពេញលេញ”។
ពួកអ្នកលេង Twitter ភ្លាមៗបានពន្លះលើលោកជំទាវទីមួយ ដោយនាំគ្នាសម្រុកសរសេរក្រើនរំលឹកដល់លោកស្រីថា លោកត្រាំចាញ់ឆ្នោតហើយ និងត្រូវចាកចេញពីការិយាល័យទោះបីជាលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅអាម៉េរិកមិនទាន់ត្រូវបានប្រកាស ស្របពេលប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាម៉េរិកព្យាករណ៍ថាលោកបៃដិនឈ្នះតំណែងប្រធានាធិបតី។
អ្នកប្រើប្រាស់ Twitter បានជះកំហឹងលើលោកស្រីមេឡានៀ ដោយនិយាយថាលោកស្រីត្រូវគេសន្មត់ថាជាអ្នកបញ្ចុះបញ្ចូលឱ្យត្រាំទទួលស្គាល់បរាជ័យ ហើយនោះជា”រឿងដែលមានប្រយោជន៍តែមួយគត់ដែលលោកស្រីអាចធ្វើបានក្នុងនាមជាជំទាវទីមួយ”។
អ្នកខ្លះវាយប្រហារលោកស្រីចំពោះអតីតភាពជាតារាបង្ហាញម៉ូត និងមាន “សញ្ជាតិខុសច្បាប់”។
អ្នកផ្សេងទៀតបានអះអាងថា តាមពិតទៅមេឡានៀចង់តែចាកចេញពីសេតវិមានឱ្យបានឆាប់ នឹងអាលបានលែងលះលោកត្រាំ។
ដូចប្រព័ន្ធផ្សព្វផ្សាយដែរ បណ្តាមេដឹកនាំពិភពលោកនិងជនល្បីទូទាំងពិភពលោកបានអបអរសាទរលោក ចូ បៃដិន និងហៅគាត់ថាជា “ប្រធានាធិបតីជាប់ឆ្នោត”។តែក្រុមយុទ្ធនាការរបស់លោកត្រាំនៅតែទទូចថាមានការលួចបន្លំសន្លឹកឆ្នោតហើយបានដាក់ពាក្យបណ្តឹងជាហូរហែដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោតទៅកាន់តុលាការ៕
លោកស្រីមេឡានៀ ត្រាំរងការរិះគន់ពីពួកអ្នកលេង Twitter យ៉ាងចាស់ដៃចំពោះការអះអាងថា ការបោះឆ្នោតមិនយុត្តិធម៌