ដោយ: ម៉េងឆៃ/ក្រចេះ: រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងក្រសួង អភិបាលរងខេត្តក្រចេះ អភិបាលស្រុកសំបូរមន្ត្រីរាជការតាមមន្ទីរជំនាញនៅ ថ្នាក់ខេត្ត ស្រុក មន្ត្រីមូលដ្ឋានឃុំស្រែជិះ និងឃុំរលួសមានជ័យ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ និង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះទៅពិនិត្យស្ថានភាពរួមពីជីវភាពរស់នៅរបស់ប្រជាជន និងស្ថានភាពជាក់ស្តែងនៃការ គ្រប់គ្រងរដ្ឋបាលភូមិស្រែជិះ និងភូមិឧបសម្ព័ន្ធស្រែសាប ភូមិអំពក និងភូមិឧបសម្ព័ន្ធស្រែក្នុង ក្នុងឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកសំបូរ ។
ក្នុងដំណើរផ្លូវប្រមាណជាង ១០០ គ.ម ចេញពីទីរួមខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ រួចឆ្លងកាត់ តាមផ្លូវលំនៃតំបន់ខ្ពង់រាបភាគឥសាននៃប្រទេស ដែលពេលខ្លះ ត្រូវឆ្លងអូរ ឆ្លងស្ពានឈើ ហើយកន្លែងខ្លះ ដែលមិនអាចធ្វើដំណើរតាមរថយន្ត បានត្រូវធ្វើដំណើរតាមគោយន្ត ឬជិះម៉ូតូ ដើម្បីទៅដល់តំបន់ដាច់ស្រយាលខាងលើ។
នៅពេលព្រឹក ក្រុមការងារបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជិត ១០០ នាក់ ដែលតំណាងឱ្យប្រជាជនជាង ១៥០ គ្រួសារ ចំនួនមនុស្ស ១.២៧១នាក់ នៅភូមិស្រែសាប ជាឧបសម្ព័ន្ធនៃភូមិស្រែជិះ។
នៅពេលរសៀល លោកប្រធានក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋប្រមាណ ៨០ នាក់ តំណាងឱ្យប្រជាជនជាង ១៥០គ្រួសារ ចំនួនមនុស្ស ១.១៨៨ នាក់ នៅភូមិស្រែក្នុង ជាឧបសម្ព័ន្ធនៃភូមិអំពក ឃុំស្រែជិះ។
ប្រជាពលរដ្ឋនៅភូមិឧបសម្ព័ន្ធទាំងពីរនេះ ភាគច្រើន ជាជនជាតិដើមភាគតិចក្រោល ព្នង និងទំពួន។ បងប្អូនទាំងអស់ រស់នៅក្នុងតំបន់នេះ តាំងពីយូរយារណាស់មកហើយ គ្រាន់តែ ក្នុងសម័យសង្គ្រាម ពួកគាត់ត្រូវជម្លៀសទៅកន្លែងផ្សេងចុងក្រោយក៏បានវិលត្រឡប់ មករស់នៅភូមិកំណើតដើមរបស់ខ្លួនសព្វថ្ងៃនេះវិញ។
ក្នុងពេលជួបសំណេះសំណាល លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរក្នុងនាមថ្នាក់ ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋ ជូនចំពោះស្មារតីសាមគ្គីភាពល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិទាំងពីរខាងលើ ដែលជានិច្ចកាលតែងតែចូលរួមគាំទ្រគោលនយោបាយ ដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខក្នុងបុព្វហេតុថែរក្សាសុខ សន្តិភាព និងជំរុញការអភិវឌ្ឍសង្គមជាតិជារៀងដរាបតទៅ៕PC