ដោយៈសរិទ្ធ-រ៉ាម៉ន/ភ្នំពេញៈជនសង្ស័យមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពបន្លំចូលលួចកាបូបលុយនារីជាអាជីវករម្នាក់ ដល់ក្នុងផ្ទះ អស់សរុបជិត៥ពាន់ដុល្លារ រួចឡើងជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល។ចំណែកនារីរងគ្រោះ បានត្រឹមទ្រហោយំ សោកស្តាយទ្រព្យសម្បត្តិរបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុលាការណ៍នេះ កើតឡើងកាលពីម៉ោង៨ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះដូរលុយ យីហោ លីហួរ និងលក់ដូរមួយកន្លែងស្ថិតនៅតាមផ្លូវចោមចៅ កែងផ្លូវចូលភូមិព្រៃល្វា ចំណុចភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
នារីរងគ្រោះ ឈ្មោះ គឹម សុផាតី អាយុ២០ឆ្នាំ មុខរបរ អាជីវករដូរលុយនិងលក់ដូរ ឥវ៉ាន់ ភេសជ្ជៈ ។ លុយកាក់ដែលបាត់បង់ មានប្រាក់ដុល្លារជាង៣ពាន់ដុល្លា លុយខ្មែរ ជាង៤លានរៀល សរុបជិត៥ពាន់ដុល្លារ ។
នារីរងគ្រោះ បានឲ្យដឹងថានៅព្រឹកកើតហេតុនាងនៅផ្ទះតែម្នាក់ឯង ស្របពេលនោះ មានស្ត្រីម្នាក់ ដើរមកទិញឡេរួចក៏មានបុរសម្នាក់ទៀត(ជនសង្ស័យ)ដើរមកទិញភេសជ្ជៈ រួចជនសង្ស័យដើរចេញទៅនៅសល់តែស្ត្រីទិញឡេ រវល់តែជាប់មាត់ លក់ឡេភ្លេចខ្លួន។ រហូតដល់ស្ត្រីរូបនោះដើរចេញបាត់ ដើរមករកយកកាបូបលុយ ស្រាប់តែបាត់ ទើបឆោឡោឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថាបុរសដែលជាអ្នកទិញភេសជ្ជៈនោះដើរវិលត្រឡប់មកម្តងទៀត ចូលទៅក្នុងផ្ទះលួចយកកាបូបលុយ ពីក្នុងកេសក្រដាស ហើយដើរយួរឡើងជិះម៉ូតូ ដែលបក្ខពួកកំពុងរង់ចាំជាស្រេចហើយបើកគេចទៅបាត់។ រីឯស្ត្រីទិញឡេក៏ទៅបាត់ដែរ។
តាមការសន្និដ្ឋាន ក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រុស២នាក់ ស្រីម្នាក់ មកបន្លំលួចយកកាបូបលុយគេចខ្លួនបាត់ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅសាកសួរ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីបន្តស្រាវជ្រាវមុខសញ្ញានេះដើម្បីយយកមកផ្តន្ទាទោសតាមច្បាប់ ៕